ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ានដាយ ប្រលះរថយន្តកុងតឺន័ររងរបួសមនុស្ស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងរថយន្តហ៊ីយ៉ានដាយ បើកស្របគ្នាឆ្លងកាត់ផ្លូវមិនគោរពសិទ្ធិអាទិភាព ប្រលះរថយន្តកុងតឺន័រពីក្រោយ យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ បណ្ដាលឲ្យបុរស៣នាក់បានរងរបួស បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំ គ្នាជួយសង្គ្រោះយកចេញពីក្នុងរថយន្តដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១០៧ និងលេខ១០៨ ក្នុងភូមិគោកកណ្ដោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា បុរសដែលរងរបួសមានឈ្មោះ កុសល អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ អ្នករួមដំណើរឈ្មោះ យ៉ង ណាត អាយុ៥៣ឆ្នាំ និងឈ្មោះ ហុឹម អាយុ៥០ឆ្នាំ ដោយអ្នកទាំងបី រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុក ស្វាយជ្រំ ខណៈបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AC៩០៧៦ ខូចខាតទាំងស្រុង ។

ចំណែកអ្នកបើករថយន្តកុងតឺន័រ ក្រុមហ៊ុនតេងឡាយ ត្រូវបានស្គាល់ឈ្មោះ ញិលដា អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តក្រុមហ៊ុនតេងឡាយ រស់នៅភូមិអំពិលជុំ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ។

ប្រភពបន្តថា រថយន្តម៉ាកហុីយ៉ាន់ដាយ ជិះគ្នា៣នាក់ ដោយធ្វើដំណើរលើចំណុចផ្លូវជាតិលេខ១ ទិសដៅពីកើត មកលិចឆ្លងកាត់ផ្លូវមិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុកពីក្រោយរថយន្តកុងទីន័រ មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣C២៥២០ ដែលបើកស្របទិសគ្នាពេញទំហឹង លាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសទាំង៣នាក់ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ និងវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖