អ្នកទេសចរណ៍ជនជាតិកូរ៉េខាងត្បូង ៧នាក់ស្លាប់ និង ២០នាក់បាត់ខ្លួន ក្រោយពេលទូកទេសចរណ៍លិចនៅលើដងទន្លេ Danube ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រី ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជនរងគ្រោះគឺជាជនអាស៊ី ប៉ុន្តែមកទល់ពេលនេះ មិនទាន់អាច បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។
ទូកដឹកអ្នកដើរកម្សាន្តប្រហែល៣២នាក់ ជាជនជាតិកូរ៉េខាងត្បូង និងនាវិក២នាក់បានបុកជាមួយនាវាមួយគ្រឿងទៀត ហើយលិចបាត់តែម្តង នៅទន្លេ Danube ទីប្រជុំជន Budapest ប្រទេសហុងគ្រី ។
មន្ត្រីជួយសង្គ្រោះអះអាងថា សាកសព៧នាក់បានរកឃើញ និងមនុស្ស៧នាក់ត្រូវបានជួយសង្គ្រោះ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយស្ថានភាពប្រក្រតីវិញផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែឧសភា ។ ប៉ូលិសថា មនុស្ស៣៣នាក់នៅលើទូកដែលគ្រោះថ្នាក់នោះ ខណៈអ្នកខ្លះទៀតថា មានអ្នកដំណើរ៣២នាក់ ។ សមាជិកក្រុមនាវិក២នាក់ ត្រូវបានស្គាល់ថា ជាជនជាតិហុងគ្រី ។
សកម្មភាពស្វែងរកជនរងគ្រោះមានការលំបាក ដោយសារទឹកហូរ និងមានជម្រៅជ្រៅផងដែរនៅដងទន្លេ Danube នេះ ។ កម្លាំងយោធាបានចូលរួមសកម្មភាពស្វែងរកជនរងគ្រោះនេះបន្ថែមទៀត។ទូកដឹកអ្នកដំណើរកម្សាន្តនេះ ឈ្មោះ Hableany (Mermaid) ជារបស់ក្រុមហ៊ុន Panorama Deck ។ អ្នកនាំពាក្យក្រុមហ៊ុននេះនិយាយថា មិនមានព័ត៌មានណាមួយដែលថា គ្រោះថ្នាក់នេះ កើតឡើងដោយសារបញ្ហាបច្ចេកទេសនោះឡើយ ៕