ព័ត៌មានទាន់ហេតុការណ៍៖

ទាំងថ្ងៃទាំងយប់! ដឹកឈើបង្កគ្រោះថ្នាក់ចរាចរណ៍ ២ករណី នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រងរបួសស្រាល ធ្ងន់ ស្លាប់ឥតល្ហែ​ក៏មានជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ.ពីមួយឆ្នាំទៅមួយឆ្នាំដដែលៗ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធនៅតែមិនខ្វល់ ជាក់ស្ដែងយើងមើលក្នុងរូបភាពគោយន្ដកន្រ្តៃ និងរថយន្ដផ្ទុកទៅដោយឈើច្រងេងច្រងាង បានបង្កគ្រោះថ្នាក់ដល់ទៅ ២ករណីក្នុងថ្ងៃតែមួយ រហូតបណ្ដាលឲ្យមានមនុស្សម្នាក់រងរបួសស្ទើរស្លាប់ស្ទើររស់ទៀតផង ។

ប្រភពរាយការណ៍ពីកន្លែងកើតហេតុ នៅរសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចំណុចក្បែដំណាក់ឈើក្រម ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានអ្នកបើកបររបថយន្ត ១គ្រឿងម៉ាក ហុកឡ ពណ៏ស ពាក់ស្លាកលេខ ពោធិសាត់ 3A 0714 មានផ្ទុកឈើអារពេញ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបុកឆ្អឹកជំនីរថយន្តម៉ាក កូរ៉េឡា របស់ប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនបង្ករងរបួសនោះទេនៅគ្រាធ្វើដំណើរស្របគ្នា ខណៈនោះម្ចាស់រថយន្តបង្កបានសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះចប់សព្វគ្រប់តាមនីតិវិធី ប៉ុន្តែរថយន្ដបង្កត្រូវបានមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ អូសយកទៅអនុវត្តន៍បន្ត ១ករណីផ្សេងទៀត ។

ប្រភពរាយការណ៍ខាងលើបន្តថា លុះនៅយប់ថ្ងៃដដែលនោះ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេខ៥៥(សុី) ត្រង់ចំណុចក្បែប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង ស្ថិតក្នុងភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត បង្កឡើងគោយន្ដកន្រ្តៃដឹកឈើអារពេញ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់កន្លែងកើតហេតុជ្រុលបុកអ្នកជិះម៉ូតូស្របទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ។

ប្រភពដដែលបន្តទៀតថា ភាគីអ្នកជិះម៉ូតូឈ្មោះ ណុប និន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ រងរបួសធ្ងន់បញ្ជូនទៅទៅសង្រ្គោះភ្លាមៗ បើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ។ ចំណែកម្ចាស់គោយន្ដកន្រ្តៃដឹកឈើឈ្មោះ ផៃ សុខហេង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មិនបង្ក រងរបួសនោះទេ វត្ថុតាងសមត្ថកិច្ចរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំវាស់វែង និងដោះស្រាយគ្នាជាក្រោយ ៕ បុឹម ពិន


ចែករំលែក៖