ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញ អាយធី ម្នាក់ Hack ចូល​Facebook គេរហូតដល់​ ២០០​ Account Chat ខ្ចីលុយ​បាន៥០​ Account ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹងនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ និងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង រៀលសុភិន នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពីបទលួចចូលប្រើប្រាស់គណនីហ្វេសប៊ុកអ្នកដទៃ ដោយគ្មានការអនុញ្ញាត រួចឆាតទៅខ្ចីប្រាក់ពីមិត្តភក្តិនៅក្នុងហ្វេសប៊ុក ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរប្រាក់ ដែលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្ដឹង ជាច្រើនពីជនរងគ្រោះ ហើយជនសង្ស័យបានឆបោកប្រាក់ជាច្រើនសារ ដោយជនសង្ស័យបានសារភាពថា ពិតជាបានលួចចូលគណនីហ្វេសប៊ុកបានប្រហែល២០០គណនី និង ជាង៥០គណនីទទួលបាន ប្រាក់ ពីការឆបោក ។

ជនសង្ស័យឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ១៩៩៧ មុខរបរ មិនពិតប្រាកដ កំរិតវប្បធម៌ថ្នាក់ទី១២ មានស្រុកកំណើត នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្លូវ១៩៨១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យបច្ចុប្បន្ន ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ត្រូវមានការប្រុងប្រយ័ត្នក្នុងករណីដែលមានការឆាត (Messenger) ខ្ចីប្រាក់ពីបណ្ដាញសង្គម ការខ្ចីប្រាក់សរសេរជាអក្សរ ឬផ្ញើសារជាសំឡេង ដោយឲ្យផ្ញើប្រាក់ទៅលេខដែលមិនមែនជាលេខរបស់ម្ចាស់គណនីហ្វេសប៊ុក សូមឲ្យមានការទូរស័ព្ទ(Call) ទៅបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកអំពីការខ្ចីប្រាក់មុននឹងផ្ញើប្រាក់ទៅ ៕ ជ្រោយពេជ្រ


ចែករំលែក៖