ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានី បានដាក់ចេញជាវិធានការក្តៅក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ ខណៈដែលប្រទេសជាតិមានសន្តិភាពពេញបរិបូណ៌ ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ធ្វើឡើងកាលពីថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរឯកស័ព.ស២៥៦៣ត្រូវ និងថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជ ធានីភ្នំពេញការដោះស្រាយបញ្ហាការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ខណៈរាជធានី មួយនេះតែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។ មានវិធានការទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេចវេះ ពីការទទួលខុសត្រូវមុខច្បាប់ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ។ ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន ។
ពាក់ព័ន្ធនឹងល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងបានមានវិធានការយ៉ាងម៉ឺងម៉ាត់ផងដែរលោកបញ្ជាក់ថានៅក្នុងរាជធានីភ្នំពេញកើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជា បញ្ហាមួយក្តៅគគុក ។
ដូច្នេះទេលោកជំរុញឲ្យអភិបាលខណ្ឌទាំង ១៤ត្រូវយកចិត្តទុកដាក់ក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះ ។ ល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំនុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើអោយបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូចជាអំពើ ឆក់ប្លន់លួចជាដើម ។ ចំពោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាប្រឈមមួយដែលយើង បាន និងកំពុងដោះស្រាយផងដែរ ។
លោក ឃួង ស្រេង ក៏បានដាក់ចេញនូវវិធាន ការមួយចំនួនទៀតដូចជាការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ ការមានវិធានការទៅលើទូកនេសាទដែលចតយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេពិសេសនៅក្បែរសណ្ឋាគារសុខាដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់នូវ សោភ័ណ ភាពនៅរាជធានីភ្នំពេញ ។ ការមានវិធានការទៅ លើបែរត្រីមួយចំនួននៅតាមបណ្ដោយដងទន្លេសាប ។ ដូច្នេះទេអភិបាលរាជធានីភ្នំពេញបានជំរុញ និងដាក់ចេញជាផែនការឲ្យអាជ្ញាធរ ខណ្ឌដែលមានដែនដីរបស់ខ្លួននៅតាមបណ្ដោយដងទន្លេសាបនេះត្រូវតែមានវិធានការទប់ស្កាត់ដើម្បីធ្វើយ៉ាងណាឲ្យទន្លេរបស់យើងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ៕ សំរិត