ព័ត៌មានទាន់ហេតុការណ៍៖

លោក ជៀង អំ ជំរុញដល់អាជ្ញាធរ ខិតខំដោះស្រាយបញ្ហា ប្រឈម និងបង្កើនភាពជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល នឹងប្រជាជន នៅតាមមូលដ្ឋាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិបានជំរុញដល់អាជ្ញាធរស្រុកត្រូវខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈម និងបង្កើនភាពជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល នឹងប្រជាជននៅតាមមូលដ្ឋាន ព្រោះតួនាទីរបស់មន្ត្រីគឺបម្រើប្រជាជនដោយស្មោះត្រង់ ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុករំដួល នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុករំដួល ។

លោក ជៀង អំ បានបន្តថាបច្ចប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ខណៈប្រជាជនយើងទូទាំងប្រទេស មានសិទ្ធិសេរីភាពពេញលេញ និងរស់នៅដោយភាពសុខដុមរម្យនា និងមានជីវភាពកាន់តែធូរធាផងដែរ ។

លោកបានបន្ថែមថា ការងារចុះមូលដ្ឋានរបស់យើង គឺមានសារះសំខាន់ណាស់ ព្រោះតាមរយះបេសកម្មចុះមូលដ្ឋាន ដោយដឹងកាន់តែច្បាស់ ពីស្ថានភាពជាក់ស្ដែង ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ នៅមូលដ្ឋាន ជីវភាពរស់នៅរបស់ប្រជាជន និងមានឱកាសបានសាកសួរសុខទុក្ខ គាត់នៅថ្នាក់មូលដ្ឋាន ស្វែងយល់ពីសមិទ្ធផល និងយល់ពីតម្រូវការចាំបាច់ សម្រាប់លើកឡើងមកដោះស្រាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ក្នុងឱកាសនោះលោក ជៀង អំ បានបន្ថែមថា សូមអាជ្ញាធរគ្រប់ថ្នាក់សហការគ្រប់អ្នកពាក់ពន្ធ័ បន្តផ្សព្វផ្សាយអប់រំ អំពីច្បាប់ស្ដីពីចរាចរណ៍ច្បាប់ស្ដីពីផ្លូវថ្នល់ផលវិបាក នៃគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន តាមគ្រប់រូបភាពដើម្បីឲ្យភូមិ ឃុំ សាលារៀន ជាភូមិស គ្មានគ្រឿងញៀនជាពិសេសណែនាំដល់បងប្អូនប្រជាជនឲ្យចេះពីវិធីការពាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ដើម្បីបង្ការ គ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុផងដែរ ៕ យឹម សុថាន


ចែករំលែក៖