ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលស្រ្តីរងគ្រោះបានរាយខ្សែភ្លើង បូមទឹកពីស្រះដាក់ចូលពាង និងស្រោចបន្លែក្បែរផ្ទះ ។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់ស្រ្តីម្នាក់បណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង២០នាទី ព្រឹក ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកក្បែរអូរខាងជើងផ្ទះ ស្ថិតក្នុងភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឈួន ប៉ក់ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកាន (កន្លែងកើតហេត) ។
ប្រភពខាងលើបន្តថា មុនដំដូងគេឃើញស្រ្តីរងគ្រោះអូសខ្សែភ្លើងរាយចេញពីផ្ទះ ក្នុងគោលបំណងបូមទឹកពីស្រះដែលនៅក្បែរអូរមួយ ដើម្បីដាក់ពាង និងស្រោចដំណាំខាងក្រោយផ្ទះដូចសព្វមួយដង ខណៈគាត់កាន់ឌុយដោតចូលព្រីភ្លើង ចង្រៃអ្វីរអិលជើងធ្វើឲ្យក្ដាប់ព្រីភ្លើងជាប់ក្នុងដៃ ចូលទៅក្នុងទឹកបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាម ។
ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចស្ថាប័នជំនាញសហការ ចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផងដែរ ទើបធ្វើកំណត់ហេតុប្រគល់ទទួលសាកសព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន