ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា សិចស៊ី កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ស្រាប់តែលេចមុខក្នុងការចែកអំណោយដល់ជនទីទ័លក្រជាច្រើននាក់កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅតំបន់ព្រះអង្គដងកើ មាត់ទន្លេ ។ នាងទទួលបានការសរសើរខ្លាំងថាមិនត្រឹមតែជាតារាស្រីសិចស៊ីគួរឲ្យក្នាញ់ទេ ក៏មានទឹកចិត្តបុណ្យជួយដល់អ្នកទាល់លំបាកផងដែរ ។
ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ត្រូវបានគេស្គាល់តាមរយៈការសម្តែងក្នុងរឿង ភរិយាឈ្លើយស្នេហ៍ ។ នាងលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាហូរហែ ពិសេសកិច្ចការងារសង្គមួយចំនួន ។ ទោះបីជាមានភ្លៀងធ្លាក់ខ្លះៗក៏នាងរួមទាំងបងស្រី បានឆ្លៀតធ្វើបុណ្យចែកទាន រួមមានជាអាហារ ភេសជ្ជៈ និងថវិកាមួយចំនួនដល់ជនក្រីក្រ សន្តិសុខ អ្នកអនាម័យ ប្រមាណជាង៥០នាក់ដែលកំពុង បម្រើការងារ រកទទួលទានតិចតួចនាតំបន់មាត់ទន្លេ ។
នាងថា នេះមិនមែនលើកទីមួយទេដែលនាង និងក្រុមគ្រួសារ បានធ្វើសកម្មភាពសប្បុរសធម៌បែបនេះ គឺដោយសារជាថ្ងៃសីលនាងត្រូវទៅអុជធូបបន់ស្រស់សុំសេចក្តីសុខ និងឆ្លៀតចែកទានខ្លះដល់ពួកគាត់តាមលទ្ធភាព ។ នាងថា ចង់ចែករំលែកធនធាន ក្តីស្រឡាញ់ ទៅដល់ពួកគាត់ ហើយចង់ឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅព្រោះមានមនុស្សនៅជុំវិញស្រលាញ់ចូលចិត្តពួកគាត់ដោយមិនមានការរើសអើង និងជាការជួយលើកទឹកចិត្តឲ្យពួកគាត់តស៊ូបន្តក្នុងជីវិត បំពេញការងារដោយកម្លាំងចិត្ត និងកម្លាំងកាយ ។
តារាស្រីវ័យ២៥ឆ្នាំរូបនេះ បញ្ជាក់ថា ក្រោយធ្វើបុណ្យដាក់ទាន បំពេញកុសល្យ នឹងធ្វើឲ្យអារម្មណ៍យើងជ្រះស្រឡះសប្បាយចិត្ត ហើយនាងនឹងបន្តវប្បធម៌នៃការចែករំលែកនេះបន្ថែមទៀតទៅតាមលទ្ធភាព ធនធាន ដែលមានហើយនាងរំពឹងថានឹងមានសប្បុរសជនជាច្រើនចែករំលែកធនធានដែលមានទៅកាន់មនុស្សនៅជុំវិញខ្លួន បើទោះបីជាការចែករំលែកនោះជាអ្វីក៏ដោយ៕ វឌ្ឍនា