ព័ត៌មានទាន់ហេតុការណ៍៖

មានប្រពន្ធថែមទាំងកូន លោក ហុង ហ្ស៊ែនថៅកែដំឡើងឆាកតន្រ្តីខនសឺត ចង់បានព្រហ្មចារី នារីចម្រៀងម្នាក់ ត្រូវចូលអោយសមត្ថកិច្ចសួរនាំ ករណីប្រើហិង្សាមិនរាងចាល

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយរឿង លោក ហុង ហ្ស៊ែនថៅកែដំឡើងឆាកតន្រ្តីខនសឺត ចង់បានព្រហ្មចារី នារីចម្រៀងម្នាក់ បានប្រើអំពើហិង្សាលើខ្លួន និងតាមយាយីឈ្នានីសគ្រប់បែបយ៉ាង ព្រោះតែសុំស្នេហ៍នាងមិនបាន ហើយត្រូវបានថៅកែរូបនេះ ច្រានចោលថាមិនមែនជាការពិតនោះ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ១៩ឆ្នាំ ជាតួអង្គស្រីក្នុងរឿងនេះ បានមានប្រតិកម្មខ្លាំងដែលទាមទារឲ្យ អ្នកស្រលាញ់យុត្តិធម៌ និងអ្នកច្បាប់ទាំងអស់ជួយពិចារណា ព្រមទាំងជួយរកយុត្តិធម៌ និងដាក់ទោសទណ្ឌថៅកែរូបនេះឲ្យបានធ្ងន់ធ្ងរ ព្រោះនេះ ជាការបិរហារកេរនាងយ៉ាងពិតប្រាកដ ។
កញ្ញា ប្រាក់ ផាន់នី បានបញ្ជាក់ប្រាប់ថា នៅក្នុងការបកស្រាយរបស់លោក ហុង ហ្ស៊ែន លើ គេហទំព័រ ក្នុងស្រុកមួយកាលពីថ្ងៃ ព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩ ដោយច្រានចោលទង្វើរបស់ខ្លួនថាមិនបានប្រេីអំពេីហិង្សាទៅលេីរូបនាងនោះទេ គឺជាការមិនទទួលខុសត្រូវ ជាការរំលោភលើសិទ្ធិស្រ្តី ភេទទន់ខ្សោយ ជាការបរិហារកេរយ៉ាងធ្ងន់ធ្ងរ ចំពោះរូបនាងទាំងស្រុង និងចាត់ទុកថា ជាការប្រព្រឹត្តហិង្សាឃោឃៅមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីឡើងវិញនោះ នៅឡេីយ ។
កញ្ញា ប្រាក់ ផាន់នី បានបញ្ជាក់ប្រាប់ទៀតថា នាងមានភស្តុតាងគ្រប់គ្រាន់ក្នុងទង្វើហិង្សា ដែលលោក ហុង ហ្ស៊ែន ប្រព្រឹត្តមកលើនាងនាពេលកន្លងមក(សូមមើលរូបថតនិងពាក្យបណ្តឹងកន្លងមក) ហើយអ្វីដែលនាងទទួលយកមិនបាននោះគឺលោក ហុង ហ្សែន អះអាងថាលោកមិនដែលបានតាមគំរាម ថា បេីអាញ់យកនាងអែងមិនបាន នណាក៏យកមិនបានដែរ ឬតាមឈ្នានីស មិនឲ្យនាងមានក្ដីសុខ ប្រើអំពើហិង្សាដាក់នាងរហូតមានរបួសស្នាមនោះ មិនដែលប្រព្រឹតទាល់តែសោះគឺជារឿងមួយធ្វេីអោយនាងហួសចិត្តផងដែរ ។ ត្រង់ចំណុចនេះនាងបញ្ជាក់ថា នាងមានសាក្សីគ្រប់គ្រាន់រង់ចាំបំភ្លឺ មានរូបថតនៃបទល្មើសដែលលោក ហុង ហ្ស៊ែន ប្រព្រឹត្តមកលើនាងនិងមានបណ្តឹងនៅអាជ្ញាធរក្រុងប៉ោយប៉ែតនៅឡើយ ។ ហេីយលោកហ្សែនបន្តទៀតថា អ្វីដែលនាំឲ្យរូបនាងប្ដឹងរូបលោក គឺដោយសារតែមានអ្នកទី៣ នៅពីក្រោយខ្នង ហើយអ្នកទី៣នោះ ជំរុញឲ្យធ្វើរឿងនេះ។ សូមលោកបង្ហាញភស្តុតាងឲ្យបានច្បាស់លាស់ ក្រៅពីក្រុមគ្រួសារជំរុញឲ្យប្តឹងទាមទាររកយុត្តិធម៌ ?នាងបញ្ជាក់ចុងក្រោយថា ភស្តុតាងប្រព្រឹត្តអំពេីហឹង្សានាងមានគ្រប់គ្រាន់ ប្រសិនបើតុលាការត្រូវការនាងនឹងយកមកបង្ហាញ។ទោះជា
យ៉ាងណា កញ្ញា ប្រាក់ ផាន់នី អះអាងថានាងមិនអាចទទួលយកការបដិសេធប្រើអំពើហិង្សាទៅលេីរូប នាងរបស់លោក ហុង ហ្ស៊ែន ជាដាច់ខាត ។ នាងចាត់ទុកនេះជាការបរិហារកេរមកលើនាងយ៉ាងពិតប្រាកដ និងសូមទាមទារឲ្យអ្នកស្រឡាញ់យុត្តិធម៌ ជាពិសេសខាងមេធាវីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជួយរាស្ត្រក្រីក្រ និងលើកកម្ពស់តម្លៃស្ត្រី ដោយបង្កើតឲ្យមានក្រុមមេធាវីជួយជនក្រីក្រ មេត្តាជួយរកយុត្តិធម៌ដល់នាងផង ព្រោះថាទង្វើរបស់លោក ហុង ហ្ស៊ែនមកលើនាង ជាការរំលោភលើស្ត្រីភេទទន់ខ្សោយ រំលោភសិទ្ធិនារីធ្ងន់ធ្ងរ ពោលគឺបានរំខានការប្រកបរបរចិញ្ចឹមជីវិតរបស់នាង ដើម្បីបានប្រាក់តិចតួចមកចិញ្ចឹមឪពុកម្តាយ និងប្អូនប្រុសស្រី៣នាក់បានរៀនសូត្រ ។ នាងបានបន្តទៀតថា មួយរយះចុងក្រោយនេះនាងមិនបានឃេីញខាងក្រុមហ៊ុនតន្រ្តីណា ហៅនាងអោយច្រៀងទៀតទេ ដោយសារ គេខ្លាច អំណាចលោក ហុងហ្ស៊ែន ដែលជាថៅកែមួយដែរ មកអុកឡុក កន្លែងគេធ្វេីអោយខូចកម្មវិធី ម្លោះហេីយនាងគ្មានអ្វីជាទីពឹងច្រៀងដេីម្បីជីវភាពចិព្ចាឹមប្អូនប្រុសស្រីអោយបានរៀនសូត្របន្ត តទៅទៀតទេ ។
ក្រុមអ្នកច្បាប់បាននិយាយថា យោងតាមការរៀបរាប់និងបង្ហាញភស្តុតាងរបស់នារីរងគ្រោះខាងលើនេះ លោក ហុង ហ្ស៊ែន អាចពាក់ព័ន្ធបទល្មើសពីរដែលត្រូវបូកផ្សំបញ្ចូលគ្នាគឺទី១ពីបទ រុកកួនខាងផ្លូវភេទ ហិង្សាមានស្ថានទម្ងន់ទោស និង ទី២ បទល្មើសប្រព្រឹត្តដដែលៗដោយមិនរាងចាល មានស្ថានទម្ងន់ទោស ហើយនៅក្នុងក្រមព្រហ្មទណ្ឌថ្មីត្រង់មាត្រា២១៨ ចែងថា ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤.០០០.០០០ រៀន ទៅ ១០.០០០.០០០រៀល កាលបើអំពើហឹង្សានេះបានប្រព្រឹត្ត ១-ដោយមានការគិតទុកជាមុន ។ ២- អោយប្រើអាវុធ ឬគម្រាមកំហែងដោយអាវុធ។ ៣-ដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត។
ពោលបានន័យថា ជាការប្រព្រឹត្តហិង្សាឃោឃៅមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីដើម្បីដាក់បន្ទុកនៅឡើយ ។
នៅរសៀលថ្ងៃ២៥ ឧសភាឆ្នាំ២០១៩ នេះភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបកស្រាយពីលោក លោក ហុង ហ្ស៊ែន បានទេ ដោយគ្មានលេខទូរស័ព្ទ។
សូមបញ្ជាក់ថា៖ ដោយសារឃើញនូវទង្វើដ៏ឃោឃៅនិងអសីលធម៍ ប្រព្រឹត្តដោយបុរសដែលមានអំណាចមកលើកូនចៅ និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ស្ត្រីភេទ ទាន់ខ្សោយខាងមេធាវីសម្តេចតេជោ បានចាត់ចែងជួយការពារតាមផ្លូវច្បាប់ទៅលើជនរងគ្រោះផងដែរ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖