ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសុំការអន្តរាគមន៍បន្ទាប់ពីទុកម៉ូតូនៅមុខបន្ទប់ជួលជាន់ទី២ ហើយជាប់រវល់មកផឹកស៊ីនៅជាន់ខាងក្រោម រួចឡើងទៅវិញ ស្រាប់តែម៉ូតូត្រូវចោរលួចបាត់ បង្កឲ្យមានការភ្ញាក់ផ្អើរកាលពីម៉ោង ១១ និង៣៥នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់ជួលជាន់ទី២ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ ដន អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុមានស្រុកកំណើតភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែក ខេត្តសៀមរាប ។ ម៉ូតូដែលបាត់នោះម៉ាកឌ្រីម សង់សេ១២៥ ពណ៌ខ្មៅស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GX-9480 ។
ប្រភពពីដើមបណ្តឹងបានឲ្យដឹងថា មុនកើតហេតុក្រោយពីត្រឡប់មកពីធ្វើការ គាត់បានទុកម៉ូតូរបស់គាត់ នៅមុខបន្ទប់ជួលជាន់ទី២ហើយបានមកអង្គុយផឹកស៊ីនៅបន្ទប់មិត្តភក្តិជាន់ផ្ទាល់ដី លុះឈប់ផឹក ក៏ឡើងទៅដេកវិញ ស្រាប់តែឃើញបាត់ម៉ូតូទើបភ្ញាក់ផ្អើលតែម្តង ។
ក្រោយកើតហេតុម្ចាស់ម៉ូតូបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ៣សុំឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ និងស្វែងរកជនសង្ស័យមកទទួលទោសតាមច្បាប់៕ សុខាសែនជ័យ