ខេត្តស្វាយរៀង៖ នំបញ្ចុកជាអាហារមួយបែបរបស់ខ្មែរដែលមានមនុស្សចាស់ក្មេងនិយមហូបស្ទើរតែរាល់ថ្ងៃ ។ វាជាអាហារមួយប្រភេទមានរសជាតិឆ្ងាញ់ ធ្វើឲ្យពលរដ្ឋខេត្តស្វាយរៀងនាំគ្នាហូបរៀងរាល់ព្រឹក និងក្នុងពិធីបុណ្យទានផ្សេងៗផងដែរ ។
បើតាមអ៊ុំស្រីអាយុ ប្រមាណ៥០ឆ្នាំ ដែលកំពុងពិសានំបញ្ចុកបានប្រាប់ដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ជារៀងរាល់ព្រឹក ពួកគាត់តែងតែនាំគ្នាហូបនំបញ្ចុក នៅតាមហាងនានា ក្នុងខេត្ត និងតាមបណ្តាស្រុកក្រុងនៃខេត្តស្វាយរៀង ដោយអ្នកខ្លះចូលចិត្តហូបនំបញ្ចុកសម្លខ្មែរ មានក្បាលត្រី និងអ្នកខ្លះទៀត ចូលចិត្តទឹកសម្លការីជាដើម មានល្បោយជាបន្លែជាច្រើនមុខ ដែលនាំឲ្យរសជាតិនំបញ្ចុករឹតតែឈ្ងុយឆ្ងាញ់ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការធ្វើនំបញ្ចុកនាពេលបច្ចុប្បន្ននេះ ពុំសូវមានការលំបាកដូចសម័យមុនទេ ដោយគេផលិតដោយម៉ាសុីនប្រើមនុស្សតិច បានផលច្រើន មិនដូចកាលពីមុន ពលរដ្ឋធ្វើនំបញ្ចុកម្តងៗ មានមនុស្សច្រើនទម្រាំបានហូប ហើយនំបញ្ចុកនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរយើង ដោយនៅក្នុងពិធីបុណ្យទានម្តងៗ គេនិយមយកនំបញ្ចុកធ្វើអាហារសម្រាប់ទទួលភ្ញៀវកិត្តិយស ដោយមានទាំងទឹកសម្លខ្មែរ និងសម្លការីនំប័ុងជាដើម ។
យ៉ាងណាក៏ដោយដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យលើករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ ៕ យឹម សុថាន