ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨(The Shangri-La Dialogue)គ្មានសច្ចធម៌ដែលថាប្រទេសវៀតណាមបានមកឈ្លានពានប្រទេសកម្ពុជាកាលពីទសវត្សរ៍ ឆ្នាំ៨០ នោះគឺមិនពិត។ ផ្ទុយទៅវិញការ មកដល់របស់ភាគីវៀតណាមនេះគឺដើម្បីជួយរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តែប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនាល្ងាចថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយមកពីចូលរួម កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨(The Shangri-La Dialogue)រយៈពេលបួនថ្ងៃកន្លងមកនេះសម្តេចពិជ័យ សេនាទៀ បាញ់ បានលើកឡើងថា ការថ្លែងរបស់រដ្ឋមន្រ្តី ក្រសួងការពារជាតិនៃប្រទេសសិង្ហបុរីនេះគ្មានសច្ចធម៌ដោយចោទប្រកាន់ថា វៀតណាមមកឈ្លានពានទឹកដីកម្ពុជា ខណៈដែលការឈ្លានពានរបស់អាមេរិកមក ទម្លាក់គ្រាប់បែករាប់លានគ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់បានស្លាប់រាប់សែននាក់ ហើយអ្វីបានជារដ្ឋមន្រ្តីរូបនេះមិនលើកយកមកនិយាយសូម្បីតែមួយម៉ាត់។
សម្តេចពិជ័យសេនាទៀ បាញ់ បាន លើកឡើងថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ដោយមានអ្នកចូលរួមមកពី បណ្តាប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងសហរដ្ឋអាមេរិកនោះគឺបានពិភាក្សាគ្នាជាច្រើនអំពីបញ្ហានយោបាយដែលកំពុង វិវត្តន៍នាពេលបច្ចុប្បន្ននេះ ជាពិសេសលើបញ្ហាសង្រ្គាមពាណិជ្ជកម្មទ្វេភាគីជាមួយ មហាអំណាចទាំងពីរតែម្តង។
សម្តេចបានមានប្រសាសន៍បន្តទៀតថា ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសឹង្ហបុរី ប្រមុខការពារជាតិមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប បានឡើងថ្លែងសុន្ទរកថាគន្លឹះដើម្បីប្រាប់ឲ្យពិភពលោកបានដឹងអំពីភាពស្មុគស្មាញ និងការ ប្រឈម ផ្នែកសន្តិសុខក្នុងពេលបច្ចុប្បន្ន ព្រមទាំងបានចែករំលែកនូវ ទស្សនៈ សភាពការណ៍ថ្មីៗ ចំណេះដឹង និងបទ ពិសោធន៍ ដើម្បីជាប្រយោជន៍នាំមកនូវ សន្តិភាព និងស្ថិរភាពក្នុងតំបន់ជាដើម៕ ហេង សូរិយា