ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និង២នាក់ទៀតរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តបាញ់បេតុងពេញទំហឹងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមាន​ ខណ្ឌមានជ័យ​ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ សាន់ គឹមសាន​ ភេទប្រុស អាយុ១៩​ ឆ្នាំ​ មានស្រុកកំណើតភូមិដើមដូង ឃុំក្រពុំឈូក​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទបាញ់បេតុង​ ពាក់ស្លាកលេខ ភ្នំពេញ 5A 0957 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជើងហើយបានបត់ឆ្វេង បំណងទៅផ្លូវវេងស្រេងស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់​ ស៊េរី ឆ្នាំ២០០៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ព្រៃវែង 1A 8333 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ ក៏ជ្រុលបុករថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ៣នាក់ ។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ តែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ទំនាក់ទំនងទៅជំនាញ វាស់វែងយករថយន្ត និងម៉ូតូយកទៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖