ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានជំរុញឲ្យមន្ដ្រីសាខាកាកបាទក្រហមកម្ពុជា រាជ ធានីភ្នំពេញត្រូវបន្ដប្រឹងប្រែងបំពេញភារកិច្ច ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ពេលប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ ។ លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលជាអង្គភាពធ្វើការងារមនុស្សធម៌ ក្នុងការជួយទៅដល់ជនងាយរងគ្រោះថ្នាក់ផ្សេងៗនោះ។ ពិធីនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃពុធ ៣កើតខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៩ នៅសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានលើកឡើងថា៖ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ជួយ និងយកអំណោយមនុស្សធម៌ចែកជូនដល់អ្នករងគ្រោះ ដោយមិនប្រកាន់រើសអើងនៅទូទាំងប្រទេស។
លោក ឃួង ស្រេង ក៏បានកោតសរសើរចំពោះមន្ត្រី បុគ្គលិកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំបំពេញការងារនារយៈពេលកន្លងមក ព្រមទាំងបានផ្តល់អនុសាសន៍ ជំរុញតម្រង់ ទិសដល់មន្ត្រី ដែលកំពុងប្រតិបត្តិសាខាបន្តខិតខំប្រឹងប្រែងបំពេញ ភារកិច្ចរបស់ខ្លួន ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ត្រូវមានសាមគ្គីភាព ឯកភាពក្នុងស្មារតីក្រុម ដើម្បីធ្វើឲ្យសាខាកាក បាទក្រហមកម្ពុជា រាជធានីភ្នំពេញ កាន់តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដែលស័ក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ ៕ សំរិត