ខេត្តកណ្ដាល៖ បុរសវ័យចំណាស់អាយុ៦៩ឆ្នាំម្នាក់ សង្ស័យតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយ បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់ទៅនឹងធ្នឹមផ្ទះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣ និង៥០នាទី ថ្ងៃតី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នុល ផន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ (ថ្លើម និងបេះដូង) ។ លុះមកដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ស្រាប់តែសាច់ញាតិជនរងគ្រោះចូលក្នុងផ្ទះ ក៏ឃើញជនរងគ្រោះស្លាប់ដោយចងក.ជាមួយនឹងក្រមាទៅនឹងធ្នឹមផ្ទះ បង្កការផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រពាំងវែង និងនគរបាលជំនាញស្រុក ចុះមកពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែនពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ បន្ទាប់ពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ