ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូនៅម៉ាត ឡើងរថយន្តទៅមើលកម្មករ មកវិញ បាត់មិនដឹងទៅណា

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បានធ្វើដំណើរទៅប៉ុស្តិ៍នគរបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដើម្បីសុំការអន្តរាគមន៍បន្ទាប់ពីគាត់បានទុកម៉ូតូរបស់គាត់នៅម៉ាតមួយភ្លេត នៅចំណុចម៉ាត ការ៉ាស់សាំងតេឡា កែងស្តុបមហាវិថីឈ្នះឈ្នះ​ ដោយមិនបានផ្ញើសន្តិសុខ ហើយឡើងរថយន្តដើរមើលកម្មករ លុះត្រឡប់មកវិញ ត្រូវជនសង្ស័យលួចយកម៉ូតូបាត់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឡាយ សុជាតិ ភេទប្រុស មុខរបរមន្ត្រីសហព័ន្ធសហជីពសេរីភាពកម្មករខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ ម៉ូតូដែលជនសង្ស័យលួចបាត់នោះ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0281 ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុនៅម៉ោង១០ព្រឹក ថ្ងៃកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូនៅម៉ាតផ្លូវជាតិលេខ៤ កែងផ្លូវមហាវិថីឈ្នះឈ្នះភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ហើយឡើងរថយន្តទៅជាមួយមេរបស់គាត់ ដើរមើលកម្មករ តាមបណ្តារោងចក្រ បន្ទាប់មកនៅម៉ោងកើតហេតុនោះ គាត់បានមកយកម៉ូតូ ដើម្បីទៅផ្ទះវិញ ។

ពេលមកដល់ ស្រាប់តែមិនឃើញម៉ូតូ ក៏ទៅសួរបុគ្គលិកម៉ាតខាងលើ តែមិនទាន់បានឆែកកាំមេរ៉ានៅឡើយទេ ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចប៉ុស្តិ៍ ជួយឆែកកាំមេរ៉ា និងស្រាវជ្រាវរកមុខជនសង្ស័យខាងលើ ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖