ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងរ៉ែថាផលិតផលប្រេងកាតនឹងជួយសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរស់រវើក

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និង​ថាមពលបានឱ្យដឹងថា ខណៈសេដ្ឋកិច្ច​កម្ពុជាកំពុងលូតលាស់ ផលិតផលប្រេង​កាតដំបូងរបស់ខ្លួន នឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែរស់រវើកបន្ថែមទៀត។

រដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែ​ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថៃ្ងទី៦ ខែមិថុនា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាស្វែងយល់លើសេចក្ដីព្រាង ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និង​ផលិតផលប្រេងកាត ដែលមានការ ចួលរួមពីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ ដែលលោក សុខ ខាវ៉ាន់ រដ្ឋលេខា​ធិការក្រសួងរ៉ែ និងថាមពលបានសម្ដែងនូវក្ដីរំពឹងយ៉ាងមុខមាំថា ផលិត​ផលដែល កើតចេញពីសក្ដានុពលធម្មជាតិនេះនឹងធ្វើឱ្យមានបម្រែបម្រួលសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថា សេចក្តីព្រាង​ច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និង​ផលិតផលប្រេងកាត ត្រូវបានតាក់តែង ឡើងស្របតាមបទដ្ឋាន និងឧត្ដមានុភាព ជាអន្តរជាតិ ក្នុងវិស័យរ៉ែ និងបានការពារ ដល់បរិស្ថាន និងធនធានធម្មជាតិ ដោយ និរន្តរភាព។

សិក្ខាសាលាស្វែងយល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រេងកាត និង ផលិតផលប្រេងកាត ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជាការផ្តល់ឱកាសពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់ គ្រងប្រេងកាត និងផលិតផលប្រេងកាត រួមគ្នា ដើម្បីធានាការពារដល់ការអភិវឌ្ឍ ធនធានប្រេងកាតរបស់កម្ពុជាឲ្យមាន តម្លាភាព ប្រសិទ្ធភាព ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ ។

ក្នុងសិក្ខាសាលាស្វែងយល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋសភា លោក ស៊ុយ សែម បានលើកឡើងថា ក្នុងអំឡុង​ទសវត្សរ៍ឆ្នាំ១៩៦០ ក្រុមអ្នកភូគព្ភសាស្ត្រ​ចិន និងប៉ូឡូញ បានធ្វើការសិក្សាស្រាវជ្រាវ និងបោះពុម្ពផែនទីភូគព្ភសាស្ត្រកម្ពុជា ជា លើកដំបូង។ លុះដល់ទសវត្សរ៍១៩៧០ ក្រុមហ៊ុនប្រេងកាតរបស់ប្រទេសបារាំង បានចាប់ផ្តើមធ្វើការស្វែងរុករកធនធានប្រេងកាត ដោយបានខួងអណ្តូងចំនួន៣ នៅដែនសមុទ្រកម្ពុជា ប៉ុន្តែសកម្មភាពនេះ ត្រូវបានផ្អាកវិញ ដោយសារតែសង្គ្រាម។ រហូតដល់ឆ្នាំ១៩៨៧ ការសិក្សាស្រាវជ្រាវ បានចាប់ផ្តើមឡើងវិញ ក្រោមកិច្ចសហ ប្រតិបត្តិការជាមួយនឹងអ្នកជំនាញប្រេង កាតអតីតសហភាពសូវៀត ហើយបាន គូសផែនទី បែងចែកប្លុកស្វែងរុករកប្រេងកាតទូទាំងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ស៊ុយ សែម បន្តថា ការ គូសប្លុកប្រេងកាតនេះ មានប្លុកប្រេងកាត ចំនួន ២៥ ( ដែនសមុទ្រ ៦ប្លុក ដែនគោក ៦ប្លុក) និង៤តំបន់ ក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ។

ក្នុងសិក្ខាសាលា ដែលមានអ្នកចូល រួមភាគច្រើន ជាអ្នកតំណាងរាស្ត្រ លោក រដ្ឋមន្ត្រី ស៊ុយ សែម បន្ថែមថា នៅឆ្នាំ១៩៩១ ការដេញថ្លៃប្លុកប្រេងកាតនៅដែនសមុទ្រ កម្ពុជា ជាលើកដំបូង បានផ្តល់សិទ្ធិស្វែង រុករកនៅដែនសមុទ្រកម្ពុជាឲ្យក្រុមហ៊ុន ចំនួន៣។ ក្នុងឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និងផ្តល់សិទ្ធិឲ្យសាជីវកម្មប្រេងកាតជប៉ុន ធ្វើការវាស់ស្ទង់តាមអាកាស ដើម្បីវាយតម្លៃស្ថានភាពភូគព្ភសាស្ត្រ ជុំវិញតំបន់ទន្លេសាបនិងតំបន់ទន្លេមេ គង្គ។ ក្នុងឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល បាន ចុះកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌឲ្យក្រុមហ៊ុនប្រេងកាតអន្តរជាតិមួយចំនួន នៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ។

លោក ស៊ុយ សែម បន្ថែមថា សកម្មភាពសិក្សាស្វែងរុករកប្រេងកាតនៅកម្ពុជា កាន់តែមានដំណើរការច្រើនឡើងវិញ ទាំងនៅក្នុងដែនគោក និងដែនសមុទ្រ ជាពិសេស នៅឆ្នាំ២០០២ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងប្រេងកាត នៅប្លុក A ជាមួយក្រុមហ៊ុន Chevron សម្រាប់ការ ស្វែងរុករកប្រេងកាត នៅដែនសមុទ្រកម្ពុជា និងក្នុងឆ្នាំ២០០៦ រាជរដ្ឋាភិបាលបាន អនុញ្ញាត និងផ្តល់សិទ្ធិឲ្យក្រុមហ៊ុន Petroleum Geo-Service ធ្វើការវាស់ស្ទង់ 2D Seismic ទាំងដែនគោក និងដែនសមុទ្រ និងបានចុះកិច្ចព្រមព្រៀងប្រេងកាតជាមួយ នឹងក្រុមហ៊ុនមកពីប្រទេសថៃ ចិន ជប៉ុន វៀតណាម និងឥណ្ឌូនេស៊ី ដើម្បីធ្វើការ ស្វែងរុករក ដែលសុទ្ធតែជាក្រុមហ៊ុន មានជំនាញ បទពិសោធន៍ និងសមត្ថភាព ហិរញ្ញវត្ថុ ក្នុងសកម្មភាពសិក្សាស្វែងរុករកប្រេងកាតនៅកម្ពុជា។

សូមរម្លឹកថា បន្ទាប់ពីសិក្ខាសាលា នៅថ្ងៃទី៦ ខែមិថុនានេះ ដែលជាការ ប្រមូលនូវមតិយោបល់ និងទស្សនៈនានា រួចហើយ គឺនៅថ្ងៃទី១០មិថុនាខាងមុខ តំណាងរាជរដ្ឋាភិបាលដឹកនាំដោយរដ្ឋ មន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នឹងចូលជួបគណៈកម្មការជំនាញរដ្ឋ​សភា ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់​ប្រេងកាតនេះ មុននឹងបញ្ជូនទៅសុំការសម្រេចពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភា។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ប្រេងកាត និងផលិតផលប្រេងកាតមាន ៩ជំពូក និង ៧២មាត្រា ត្រូវបានគណៈរដ្ឋ មន្ត្រី ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្រេចអនុម័ត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។

សេចក្ដីព្រាងច្បាប់នេះ ត្រូវបានគណៈ រដ្ឋមន្ត្រី អះអាងថា រៀបចំឡើង ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិស័យប្រេងកាត ក្នុងបរិ បទនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង បរិស្ថាន។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការគ្រប់ គ្រងវិស័យប្រេងកាត ត្រូវផ្អែកលើគោល ការណ៍តម្លាភាព គណនេយ្យភាព សមធម៌ ក្នុងវឌ្ឍនភាពសង្គម និងសុខុមាលភាព សាធារណៈ សន្តិសុខសុវត្ថិភាព និងការ ទទួលខុសត្រូវខ្ពស់ ៕ ហេង សូរិយា


ចែករំលែក៖