ព័ត៌មានទាន់ហេតុការណ៍៖

ប្រាយុទ្ធ ចាន់អូចា ក្លាយជានាយករដ្ឋមន្ត្រីប្រជាធិបតេយ្យលើកទី៣០ដែលបន្តដឹកនាំថៃ៥ឆ្នាំទៀត

ចែករំលែក៖

ប្រទេសថៃ ៖ នៅក្នុងការបោះឆ្នោតសភា កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បាន ជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ។ ការឡើងកាន់តំណែងនាយក រដ្ឋមន្ត្រីលើកនេះគឺជាការកើតចេញដោយ ការបោះឆ្នោតប្រជាធិបតេយ្យត្រឹមត្រូវ មានសំឡេងគាំទ្រភាគច្រើនពីសភា។

ប្រភពបានបន្តថា លោក ប្រាយុទ្ធ ទទួល បានសំឡេង៥០០ ដោយឡែកគូប្រឆាំង របស់លោក គឺ Thanathorn Juangroongruangkit ទទួលបានសំឡេង២៤៤ សំឡេង ។ សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាទាំងពីរស្ថាប័ននេះ រួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ស្របទៅ តាមរដ្ឋធម្មនុញ្ញ បន្ទាប់ពីការបោះឆ្នោត សកលត្រូវបានបញ្ចប់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នោះ ។

តាមពិតទៅ គេត្រូវការសំឡេងគាំទ្រ តែ៣៧៥សំឡេងប៉ុណ្ណោះ ក្នុងចំណោមសំឡេងសរុប៧៤៨សំឡេងដើម្បីក្លាយជានាយករដ្ឋមន្ត្រី ។ សមាជិកព្រឹទ្ធសភាថៃ ទាំង២៥០នាក់ គឺមិនបានឡើងកាន់តំណែងតាមរយៈការបោះឆ្នោតរបស់ប្រជាជននោះទេ ប៉ុន្តែជាការជ្រើសរើសដោយរដ្ឋា ភិបាលយោធា ដែលលោកប្រាយុទ្ធ ជា នាយករដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៊ីវិលស្របច្បាប់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ។

លោកប្រាយុទ្ធ ដែលបានឡើងកាន់ អំណាចតាំងពីឆ្នាំ២០១៤នោះ នៅពេល បន្តទៅមុខទៀតនេះ នឹងដឹកនាំរដ្ឋាភិបាល ចម្រុះ ដែលមានគណបក្សសម្ពន្ធមិត្តចំនួន១៩គណបក្សចូលរួមជាមួយគណបក្ស Palang Pracharath ។លោកប្រាយុទ្ធ នឹង បង្កើតគណៈរដ្ឋមន្ត្រីមួយ ដែលមានរដ្ឋមន្ត្រី ច្រើនបំផុតចំនួន៣៦រូប ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា នឹង ប្រឈមមុខចំពោះបញ្ហាជាច្រើន នាពេល ខាងមុខ ។ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៥ ខែមិថុនា អតីតនាយករដ្ឋមន្ត្រី និង ជា ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ភីស៊ីត វាចាជីវ៉ាបានសម្រេច លាលែង ចេញពីតំណែង ក្រោយពេលគណបក្ស របស់លោក សម្រេចគាំទ្រ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ កាន់តំណែងជានាយករដ្ឋមន្ត្រី។

តំណាងរាស្ត្រ ៣រូប មិនបានចូលរួម បោះឆ្នោត ក្នុងនោះមាន លោក Thanathorn Juangroongruangkit ដោយសារតែ តុលាការ បានដកអភ័យឯកសិទ្ធិរងការកាត់ក្តីពីតុលាការ ។ ចំណែក លោក Jumpita Chantarakachornឈឺ មិនអាចទៅកាន់ ការិយាល័យបោះឆ្នោតបាន ហើយអតីតនាយករដ្ឋមន្ត្រីអាប់ភីស៊ីតបានលាលែង ចេញពីតំណែង ។

តាមគម្រោងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា នឹងបង្កើតរដ្ឋាភិបាលថ្មីនៅចុងខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីដឹកនាំប្រទេសថៃមួយអាណត្តិ៥ឆ្នាំខាងមុខទៀត ៕ ហេង នរិន្ទ្រ


ចែករំលែក៖