ភ្នំពេញ៖ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់តឹង រឹងនិងចុះធ្វើការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយសារតែទីផ្សារដីឡើងថ្លៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាឱ្យដឹងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩ នេះថាក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រនិងល្បិចកល ជារូបភាពផ្សេងៗគ្នាដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បី អះអាងថា ខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយ។ លោកបន្តថា ក្រុមជនខិលខូចបានប្រើប្រាស់និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនឱ្យចូលរុករាន កាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់និងលក់ក្នុងតម្លៃថោកៗឱ្យខ្លួនដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួនដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេងដែលងាយនឹងលូតលាស់ដូចជាដើមចេក ដើមស្វាយ និងដំណាំហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀតបានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗផង។ បើតាមការបញ្ជាក់របស់មន្ត្រីក្រសួងបរិស្ថាន នេះគឺជាទង្វើខុសច្បាប់។
ទាក់ទងនឹងការគ្រៀវដើមឈើនៅក្នុងតំបន់ការពារធម្មជាតិនេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបាន ថ្លែងថាក្រុមជនល្មើសដែលប៉ុងប៉ងទន្ទ្រានកាន់កាប់ដីព្រៃអភិរក្សបានជួលប្រជាពលរដ្ឋកាត់រំលំដើមឈើតូចៗ និងធ្វើខ្ទមតូចៗ។ ខ្លះទៀតបានគ្រៀវដើមឈើដោយស្ទោះសំបកឈើ និងកូសយករំអិលចេញដើម្បីកាត់ផ្តាច់ការនាំ សារធាតុពីគល់ឈើទៅដើមឈើទាំងមូល និងជាមួយគ្នានេះបានលួចដាំដំណាំផ្សេងៗ យូរឬឆាប់ដើមឈើនោះនឹងងាប់ ពួកគេកាប់ផ្តួលរំលំតែម្តង។ ករណីនេះមាននៅកើតឡើងនៅតំបន់មួយ ចំនួនដូចជានៅក្នុងក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រុមជនល្មើសបានគ្រៀវ ដើមអាកាស្យា បោះបង្គោលព្រំដី ព្រមទាំងបានដំណាំផ្សេងៗដើម្បីទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។
ចំពោះមុខនៃការប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗនេះ រដ្ឋលេខាធិ ការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សរបស់ក្រសួបរិស្ថានដែលកំពុងតែឈរជើងការពារ និងអភិរក្សនៅក្នុងតំបន់ការពារធម្មជាតិនានារួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង បានចុះល្បាតនិងបានដកបង្គោលព្រំខុសច្បាប់ និងដកដំណាំយុទ្ធសាស្ត្រទាំងនោះចេញ និងបានបិទស្លាកកំណត់សម្គាល់តំបន់ការពារធម្មជាតិ និងសេចក្តីណែនាំ ក៏ដូចជាសេចក្តីជូនដំណឹងនានា ដែលទាក់ទងនឹងច្បាប់ការពារធនធានធម្មជាតិ។ ជនល្មើសមួយចំនួន ត្រូវបានឃាត់ខ្លួននិងធ្វើការអប់រំណែនាំពីវិធានការច្បាប់ និងខ្លះត្រូវបានកសាងសំណុំរឿងទៅតុលាការ ក្នុងករណីប្រព្រឹត្តបទល្មើស បំផ្លិចបំផ្លាញធនធានធម្មជាតិធ្ងន់ធ្ងរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថានៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១២២០ នាក់ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារ ធម្មជាតិនៅលើផ្ទៃដីអភិរក្សសរុបប្រមាណ ៧,៥ លានហិកតានឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការនិងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទន្ទ្រានកាប់កាប់ដី។ លោកបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីដោយខុសច្បាប់គ្រប់ប្រភេទ ដូចជាការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរនិងទិញលក់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិ ដែនជម្រកសត្វ ឬតំបន់ការពារនានា ហើយអ្នកដែលកំពុងកាន់កាប់ដីដោយខុសច្បាប់ត្រូវបញ្ឈប់សកម្មទាំងអស់រួមមានការឈូសឆាយ និងការសាងសង់ សំណង់នានាជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់៕
ដោយ៖ សហការី