ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា គណៈបញ្ជការឯកភាពផ្សារកណ្ដាល ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារ ដោយទុកឲ្យក្រុមអាជីករយកចិញ្ចើមផ្លូវសាធារណៈដាក់លក់អីវ៉ាន់ ចតយាន្តជំនះគ្រប់ប្រភេទពេញផ្លូវយ៉ាងអនាធិបតេយ្យ ទំនងជាអាជីករទាំងនោះបង់ប្រាក់ប្រចាំខែឲ្យលោកប្រធានផ្សារហើយមើលទៅ ទើបលោកគ្មានវិធានការទប់ស្កាត់បែបនេះ ។
មតិពលរដ្ឋបានឲ្យដឹងថា បើទោះជាលោកចៅសង្កាត់ និងអាជ្ញាធរក្នុងខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកណ្តាល មិនឲ្យក្រុមអាជីវករយកចិញ្ចើមផ្លូវសាធារណៈដាក់លក់អីវ៉ាន់ និងចតម៉ូតូ រថយន្តគ្មានរបៀបរៀបរយដែលនាំឲ្យមានការកក់ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ ធ្វើដូចវែកចកអញ្ចឹងគឺបានតែរយះពេលខ្លីតែប៉ុណ្ណោះពេលអាជ្ញាធរទៅបាត់ ក្រុមអាជីវករដាក់លក់វិញដដែល ដោយមិនសហការជាមួយអាជ្ញាធរទាល់តែសោះ ។
ពលរដ្ឋ បានលើកឡើងទៀតថា ក្នុងការចុះរៀបចំសណ្ដាប់ធ្នាក់របស់លោកប្រធានផ្សារ “គឺធ្វើឲ្យតែល្អមើលទេ”ព្រោះក្រុមអាជីវករទាំងនោះអាចនឹងបង់ប្រាក់ប្រចាំថ្ងៃ ឬប្រចាំខែឲ្យទៅប្រធានផ្សារអស់ហើយ ទើបលោកបណ្ដែតបណ្ដោយឲ្យក្រុមអាជីវករ បន្តយកចិញ្ចើមផ្លូវ ដាក់លក់អីវ៉ាន់ដដែល បង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ ពោលគឺអាជីវករអនុវត្តតែពេលអាជ្ញាធរចុះមករៀបចំ ពេលអាជ្ញាធរដកកម្លាំងទៅវិញអស់ គឺដដែល ។
ជាចុងក្រោយពលរដ្ឋ ក៏បានសុំសំណូមពរដល់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មេត្តាមើលមន្រ្តីក្រោមឱវាទនិងជួយដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងបញ្ហាចរាចរណ៍ ជុំវិញផ្សារកណ្តាលនេះផង ពីព្រោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ គឺមានការកកស្ទះចរាចរណ៍ទាំងព្រឹក ទាំងល្ងាច៕ស តារា