ភ្នំពេញ៖ បុរសម្នាក់ ធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ជាង៤ម៉ោង ត្រូវបានម្ចាស់ម៉ូតូតាមទាន់នៅម្តុំឃ្លាំងរំសេវ ខណៈដែលខ្លួនជិះម៉ូតូនោះ យកទៅបញ្ចាំ រួចចាប់បានវាយប៉ោងភ្នែកទៀត ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ករណីនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ៣៥ ផ្លូវ១០៥ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សុខ ពៅ ភេទប្រុស ជនជាតិវៀតណាម អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ពិន វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរជាងឈើ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីលោកសូ សំបាន នាយប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូមួយគ្រឿង ម៉ាកហុងដា គុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ បាត់ដំបង ១B-៦៤៣៦ នៅមុខផ្ទះដោយមិនបានចាក់សោ.កនោះទេ រួចក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅ ។ លុះពេលជនរងគ្រោះចេញមកវិញក៏បាត់ម៉ូតូតែម្តង ។
នាយប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវបន្តថា បន្ទាប់ពីដឹងថាបាត់ម៉ូតូ ជនរងគ្រោះបាននាំបងប្អូនជិះម៉ូតូដើររក និងទៅអង្គុយចាំនៅម្ដុំផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រហូតដល់ម៉ោងវេលា៦និង៣០នាទីយប់ក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំមែន ធ្វើឲ្យជនរងគ្រោះខឹងពេកទ្រាំមិនបានក៏ស្ទុះទៅវាយជនសង្ស័យម្នាក់មួយដៃៗ បណ្ដាលឲ្យជនសង្ស័យបែកមុខបែកមាត់ ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនចំនួន២ឆ្នាំកន្លងមកហើយ ។ បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចំណែកម៉ូតូ១គ្រឿងដែលដកហូតពីជនសង្ស័យត្រូវបានប្រគល់ទៅ ឲ្យជនរងគ្រោះវិញ ៕ស រស្មី