ព័ត៌មានទាន់ហេតុការណ៍៖

ឌី សូនីតា ប៉ះទឹម រដ្ឋា ជាមួយឈុតកាច់កុងខ្លាំងក្នុងរឿងភាគ ភ្លើងគំនុំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងនិយមលេងចរិកកាចឆ្នាស់ឆ្នើមគឺកញ្ញា ទឹម រដ្ឋា និងកញ្ញា ឌី សូនីតា នឹងប៉ះគ្នាក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេង៥ គឺរឿង ភ្លើងគំនុំ ។ សុទ្ធតែជាចរិកសម្តែងដែលពេញចិត្តពួកគេសង្ឃឹមថា ភាពយន្តនេះនឹងពេញចិត្តអ្នកទស្សនាច្រើនជាមួយនឹងឈុតឆាកកាច់កុងគ្នាខ្លាំងក្នុងសាច់រឿង ។

ការបញ្ជាក់ពីវត្តមានសម្តែងរួមគ្នានេះធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ក្នុងកម្មវិធីក្រុងពាលីចេញផលិតភាពយន្តរឿង ភ្លើងគំនុំ ក្រោមវត្តមានផលិតករសិល្បករ ជាច្រើនរូបចូលរួម ។

មិនមែនលើកទី១ទេ ដែលតារាសម្តែងស្រីកញ្ញា ទឹម រដ្ឋា ត្រូវបានផលិតករតម្រូវឲ្យកញ្ញាសម្ដែងជាតួឆ្នាសហើយរឿងថ្មីនេះនាងត្រូវបានផលិតករជ្រើសរើសនឹងសម្តែងជាតួស្រីមានចិត្តអាក្រក់ជាងបណ្ដារឿងមុនៗ ។ ជាស្នាដៃថ្មីដែលតារាស្រីរូបនេះសម្តែងជាតួអង្គកាចខ្លាំងបន្ទាប់ពីរឿងពិសស្នេហ៍ដែលទើបនឹងបញ្ចប់ និងរៀបចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ ។

នាងថានឹងកាន់តែប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីបំពេញចិត្តអ្នកគាំត្រដែលតែង គាំទ្រការសម្តែងរបស់នាង ។ ទឹម រដ្ឋា បន្តថា សប្បាយចិត្តដែលបានសម្ដែងក្នុងរឿងនេះ ដោយនាងយល់ថាឱកាសទទួលបានរឿងនៅប៉ុស្តិ៍លេខ៥បន្តបន្ទាប់ ក៍អាចមកពីគោរពពេលវេលាបានល្អ និងទំនាក់ទំនងការងារល្អជាមួយផលិតករតាំងពីបានប្រលូកការងារនឹងគ្នានោះដែរ ។ នាងក៏សប្បាយចិត្តនឹងវត្តមានសម្តែងរួមជាមួយតារាស្រី ឌី សូនីតា ដែលពូកែខាងសម្តែងតួកាចឆ្នាស់ឆ្នើមដូចគ្នាផងដែរ ។

ឌី សូនីតា បញ្ជាក់ថា ក្នុងភាពយន្តនេះនាងសម្តែងជាតួអង្គពីរផ្សេងគ្នាម្នាក់កាចឆ្នាសឆ្នើម ម្នាក់សុភាពរាបសា ប៉ុន្តែមានឈុតឆាកកាចច្រើនជាង ។ នាងថាភាពយន្តនេះនឹងកាន់តែធ្វើឲ្យទស្សនិកជនពេញចិត្ត ហើយនាងនឹងព្យាយាមសម្តែងមិនឲ្យទស្សនិកជនខកចិត្តឡើយ ។ នាងថាកន្លងទៅមានការពេញចិត្តនឹងការងសម្តែងតួអង្គដែលមានអត្តចរិកបែបនេះ ហើយក៏អរគុណសម្រាប់ការជ្រើសរើសរបស់ផលិតករដែលសម្រេចឲ្យនាងសម្តែងក្នុងរឿងភាគថ្មីនេះដែរ ។ នាងរំពឹងដែរថាការចាប់ដៃគូលេងរួមជាមួយតារាប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងរឿង នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន ។

គួរបញ្ជាក់ដែរថា ភាពយន្តភាគរឿង”ភ្លើងគំនុំ” នឹងដំណើរការចេញផលិតចាប់ពីថ្ងៃបញ្ចប់ក្រុងពាលីតទៅ ដោយគ្រោងចំណាយពេលប្រមាណ៣ខែ ។ ភាពយននតនេះ នឹងគ្រោងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ នៅក្នុងម៉ោងមាស នៅអំឡុងចុងឆ្នាំ ឬដើមឆ្នាំ២០២០ខាងមុខនេះ ៕ វឌ្ឍនា


ចែករំលែក៖