រដ្ឋាភិបាលកោះហុងកុងបានសម្រេចបិទទ្វារ ទីតាំងរដ្ឋាភិបាលនិងមជ្ឈមណ្ឌលសេដ្ឋកិច្ចរហូតដល់ចុងសប្តាហ៍ ដោយសារតែអំពើហិង្សាកើនឡើង ។ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នៅមានបាតុករជាច្រើនប្រមូលផ្តុំគ្នានៅមុខសភា ដើម្បីប្រឆាំង នឹងច្បាប់នាំខ្លួន ។ ទោះបីមានការតវ៉ាយ៉ាងណាក្តី ក៏រដ្ឋាភិបាលមិនលុបច្បាប់នោះឡើយ ។
ក្រុមប៉ូលិសបង្ក្រាបបាតុកម្មនៅហុងកុង បាននិងកំពុងប្រឈមមុខនឹងការតានតឹងដាក់គ្នាជាមួយក្រុមបាតុករ ដែលបាតុកម្មទាមទារឲ្យរដ្ឋអំណាច បញ្ឈប់នូវការអនុម័តច្បាប់ធ្វើបត្យាប័ន ពីហុងកុងទៅកាន់ចិនដីគោក។ ការធ្វើបាតុកម្មនេះ បានបង្កឲ្យមានការប៉ះទង្គិចគ្នា រហូតបណ្ដាលឲ្យមនុស្សយ៉ាងតិច៧២នាក់រងរបួស ។ ចាប់តាំងពីមានការផ្ទុះនូវបាតុកម្មនោះមក រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ គឺមានរយៈពេល៥ថ្ងៃមកហើយ ហើយក្រុមបាតុករបានបន្ដធ្វើទាំងយប់ និងទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់។
អាជ្ញាធរហុងកោះកុង បានបញ្ជាក់ថា ការធ្វើបាតុកម្ម រហូតមកដល់វេលាម៉ោង១០យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មានមនុស្សចំនួន៧២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានអ្នករងរបួសធ្ងន់ចំនួន២នាក់។
មុនដំបូងក្រុមបាតុករ បានធ្វើបាតុកម្ម ដោយសន្តិវិធី តែរហូតមកដល់ពេលនេះ ពួកគេបានគប់ដុំថ្មី ដបទឹកសុទ្ធ ទម្លុះរបាំងការពាររបស់ប៉ូលិស រុលទៅមុខ និងមិនស្តាប់តាមការណែនាំរបស់ប៉ូលិស។ ដោយសារតែបញ្ហានេះ ទើបក្រុមប៉ូលិសបង្ខំចិត្តបាញ់គ្រាប់កៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់។ ការប៉ះទង្គិចខ្លះៗ បានកើតឡើង នៅក្នុងទីក្រុងដ៏ធំរបស់ហុងកុង។
គេបានកត់សម្គាល់ឃើញថា នេះជាអំពើហិង្សាដ៏អាក្រក់ជាងគេមួយ មិនធ្លាប់កើតមាន ចាប់តាំងអំពីអាណានិគមន៍អង់គ្លេស ប្រគល់ដែនដីនេះទៅឲ្យចិនដីគោកគ្រប់គ្រង នាអំឡុងឆ្នាំ១៩៩៧។ ប្រជាពលរដ្ឋរស់នៅកោះហុងកុង បានទាមទារស្វយ័ត ទាមទារសិទ្ធិសេរីភាពផ្សេងៗ ដូចជា ប្រព័ន្ធគ្រប់គ្រងផ្លូវច្បាប់ដោយឡែក និងសេរីភាពក្នុងការនិយាយស្តីជាដើម មិនអាចស្ថិតនៅក្រោមចិនដីគោកបានឡើយ ។
មេដឹកនាំហុងកុងដែលគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំង បានអនុម័តតាក់តែងច្បាប់មួយ ដោយអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស បញ្ជូនពីកោះហុងកុងទៅកាន់ចិនដីគោក។ ប៉ុន្តែច្បាប់នេះមិនទាន់ទាំងបានអនុម័តផង ប្រជាពលរដ្ឋរស់នៅកោះហុងកុងរាប់លាននាក់ បាននាំគ្នាផ្ទុះការតវ៉ា។
លោកកស្រី Carrie Lam មេដឹកនាំហុងកុង និងជាមេផ្តើមគំនិតតាក់តែច្បាប់ ស្តីពីការធ្វើបត្យាប័ននេះ បានអះអាងថា ការអនុម័តច្បាប់នេះ នឹងមិនរាថយនោះឡើយ។ គម្រោងនឹងចេញច្បាប់បត្យាប័ននេះ ទោះជាមានបាតុកម្មប្រឆាំងពីពលរដ្ឋរាប់លាននាក់ក៏ដោយ ។
សមាជិកសភាបាន និង កំពុងជួបពិភាក្សាគ្នា កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ប៉ុន្តែត្រូវផ្អាក និងពន្យារពេលអនុម័តច្បាប់បត្យាប័ននេះ ដោយសារហ្វូងបាតុករប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិសនៅខាងក្រៅអគារ នៃរដ្ឋសភា ដែលឡោមព័ទ្ធនៅទីនោះ។ បាតុករភាគច្រើនជានិស្សិត និងជាយុវជនវ័យក្មេងបានទាមទារឲ្យលុបគម្រោង ចេញច្បាប់បត្យាប័ននេះចោល៕