ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឥណ្ឌូនេសុី ដែលប្រើស្លាកលេខ ខេមរភូមិន្ទ ក្លែងក្លាយ មហាជនរិៈគន់នោះ ត្រូវអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស២នាក់ និងរថយន្ដទំនើបមួយគ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន ឲ្យដឹងថា៖ រថយន្ដស៊េរីទំនើប បិទស្កុតពណ៌ត្រេអ៊ីមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ (ក្លែងក្លាយគ្មានឯកសារច្បាស់លាស់) ដែលចរាចរណ៍នៅខេត្តព្រះសីហនុ ហើយមហាជនរិះគន់ថា អ្នកបើកបរជាជនជាតិចិននោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បានហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។

លោកផ្កាយ១បន្តថា៖ ការចាប់ឃាត់រថយន្ដមួយគ្រឿងខាងលើ ម៉ាក Escalade ស៊េរីឆ្នាំ២០០៤ បិទស្កុតពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ-ម០២៖២-៣១៧១ នោះសមត្ថកិច្ចរបស់លោក ក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ ប៉ុន្ដែមិនមែនជនជាតិចិននោះទេ ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បញ្ជាក់បន្ថែមទៀតថា៖ ជនដែលសមត្ថកិច្ចឃាត់ខ្លួនជាមួយរថយន្ដនោះ ទី១៖ ឈ្មោះ កើត សុផល ជាមន្ដ្រីយោធា ឋានន្តរសក្តិអនុសេនីយ៍ឯក មុខងារជំនួយការ ការិយាល័យបុគ្គលិក អង្គភាពបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន (បើកបររថយន្តស្លាកលេខខ-មគ្មានឯកសារ) និងទី២៖ឈ្មោះ KUANIA WAN WIJAYA អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅក្នុងកាស៊ីណូ SV ខេត្តព្រះសីហនុ ជាអ្នកហៅរថយន្តមកពីភ្នំពេញ តាមរយៈមិត្តភ័ក្រ ឈ្មោះ ដេវីត

មុខរបរលក់ឡាន នៅភ្នំពេញ សម្រាប់យកមកដឹកភ្ញៀវចិន ពីព្រលានកងកេងមកកាន់ខេត្តព្រះសីហនុ ។

លោកបន្តថា៖ ដោយយោងតាមការណែនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនជាតិឥណ្ឌូនេស៊ីបានឲ្យធ្វើកិច្ចសន្យា អប់រំឲ្យត្រឡប់ទៅវិញ ហើយមន្ដ្រីយោធារង់ចាំឲ្យមេញ្ជាការអង្គភាពមកធានា និងធ្វើកិច្ចសន្យាយកត្រឡប់ទៅអង្គភាពវិញដូចគ្នា ។ ចំណែករថយន្តដកហូតរក្សាទុកក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តថា នឹងឲ្យកងកម្លាំងអាវុធហត្ថទាំងអស់ទូទាំងខេត្ត បង្ក្រាបរាល់រថយន្ដដែលប្រើប្រាស់ស្លាកលេខខេមរភូមិន្ទ ក្លែងក្លាយបែបនេះឲ្យខាងតែបាន ដោយសារប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នកងទ័ព ៕ សិលា


ចែករំលែក៖