ភ្នំពេញ៖ ល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុករឿងប៉ូលិសស័ក្តិ២ ឆែកហាង លក់ឡេមានរូបសង្ហារមិនចាញ់តួកុន ។ ក្នុងនោះដែរតារាសម្តែងស្រីកញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ក៏បានពោលពាក្យសរសើរចំៗហាក់ពេញចិត្តខ្លាំងចំពោះលោកប៉ូលិសរូបនេះផងដែរ ។
កាលពីថ្មីៗនេះហាងលក់ឡេតាមអនឡាញដ៏មានប្រជាប្រិយភាព ក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Ah Gi Leader ដែលមានលក់ គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងដកហូតផលិតផលចំនួន៨មុខ ស្មើនឹងជិត១ពាន់ប្រអប់ ។
ការចុះបង្ក្រាបហាងលក់ឡេខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសំណង់១២ ផ្ទះល្វែងលេខ៧ ផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយសមត្ថកិច្ចមានការសង្ស័យថា ផលិតផលទាំងនោះ នាំចូល និងចែកនៅលើទីផ្សារ ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងមានការកែច្នៃម្សៅលាបមុខ និងខ្លួនពីកំប៉ុងដើម ដាក់កំប៉ុងថ្មី គ្មានស្លាកសញ្ញាផលិតផល ហើយចែកចាយនៅទីផ្សារ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក របស់អ្នកប្រើប្រាស់ ។
ក្រៅពីចាប់អារម្មណ៍នឹងរឿងចុះចាប់កន្លែងលក់ឡេ មានទស្សនិកជនពិសេសនារីៗជាច្រើនបានបញ្ចេញយោបល់ជុំវិញសម្រស់លោកមន្រ្តីប៉ូលីសទៅវិញថាមានរូបរាងសង្ហារ មិនចាញ់តួកុន ។ ក្នុងនោះតារាសម្តែងស្រីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្នក៏បានព្រលយពាក្យហាក់ពេញចិត្តខ្លាំងនឹងភាពក្លាហាន និងរូបសម្រស់របស់លោកមន្ត្រីមួយនេះ ។
ទោះជាយ៉ាងណាតារាស្រីរូបនេះបញ្ជាក់ថា ការចែករំលែក និងពោលពាក្យសរសើរនេះមិនមែនមានតែនាងទេ ហើយនាងពិតជាសរសើរដោយស្មោះពីសមត្ថភាព ភាពក្លាហាន និងរូបសម្រស់ ប៉ុន្តែមិនមែនបានន័យថានាងលង់ស្រឡាញ់នោះទេ ។ នាងទទួលស្គាល់ថាបានតាមដានព័ត៌មាននេះហើយក៏ចូលទៅបញ្ចេញយោបល់ខ្លះៗទៅ តែបើរឿងស្គាល់ ឬមានទំនាក់ទំនងពិសេសនោះគ្មានទេ ។
នាងថាបុរសសង្ហារ មានសមត្ថភាព ការងារសមរម្យជាចំណុចពិសេសបំផុតហើយដែលមនុស្សស្រីចាប់អារម្មណ៍ និងចង់បានជាស្វាមីនៅថ្ងៃអនាគត ។ នាងថាប្រសិនបើលោកមន្ត្រីប៉ូលីសរូបសង្ហារ នេះបានឃើញនាងសូមផ្តាំផ្ញើសារសាកសួរសុខទុក្ខ និងផ្តាំឲ្យលោកប៉ូលីសជួយបង្ក្រាបករណីខុសច្បាប់ជាច្រើនទៀត ហើយថែទាំសុខភាពហាត់ប្រាណ មានរូបរាងស្រស់សង្ហារ ៕ វឌ្ឍនា