ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសហការ និងនគរបាលស្រុកប្រាសាទបាគង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់់ខ្លួនក្រុមចោរកាច់សោម៉ូតូដ៏សកម្ម២នាក់ ។
ហេតុការណ៍នេះដែរធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅមុខសាលាញូវយ៉ក ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងម្នាក់ទៀតចាប់ខ្លួនបាននៅថ្ងៃទី១៣ ខែឆ្នាំដដែល នៅលើឡានតាក់ស៊ី នៅភូមិសាស្ត្រស្រុកប្រាសាទបាគង ។
គួររម្លឹកថា កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣៤នាទីព្រឹក ជនសង្ស័យចំនួនពីរនាក់មិនស្គាល់អត្តសញ្ញណបានធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូ០១គ្រឿងនៅចំណុចមុខហាងលក់អាហារយីហោមីឡូទល់មុខវិទ្យាល័យអង្គរស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈពេលដែលជនរងគ្រោះ បានជិះយកម៉ូតូភិនភាគខាងលើទៅចតទុកនៅចំនុចកើតហេតុខាងលើ មិនបានចាក់សោ អ្វីទាំងអស់រួចចូលទៅហូបអាហារក្នុងហាងនោះ ដោយម៉ូតូម៉ាកដ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប ១AD-២៣៨០ លេខតួ+លេខម៉ាស៊ីន ៥៣៧១៦៨០ របស់ជនរងគ្រោះឈ្មោះ សូត្រ គឹមសុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១ ឈ្មោះ គង់ សិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអង្កោល ឃុំសម្ភាស ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម មានទីលំនៅបច្ចប្បន្នមិនពិតប្រាកដ។ ជនសង្ស័យទី២ ឈ្មោះ ជា រស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទូកមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីការសួរនាំសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូភិនភាគខាងលើប្រាកដមែន ហើយបាននាំជនសង្ស័យខាងលើចុះចង្អុលបង្ហាញ និងដកហូតម៉ូតូជិះធ្វើសកម្មភាពដែលប្លុងទុកចោលកន្លែងហាងផ្តិតរូបយីហោពេញចិត្តមុខផ្សារឡាក់គីម៉ល និងសំលៀកបំពាក់ដែលជនសង្ស័យប្តូរពេលរត់គេចពីសមត្ថកិច្ចផងដែរ។
លុះដល់ព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៩សមត្ថកិច្ច បាននាំជនសង្ស័យ ចុះទៅបន្ទប់ជួលរបស់ពួកគេស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបដើម្បីស្វែងរកវត្ថុតាងហើយធ្វើការឆែកឆេរ បន្ដបន្ទាប់សមត្ថកិច្ចយើងបានរកឃើញម៉ូតូចំនួន០២គ្រឿងដែលលាក់ទុកនៅក្នុងបន្ទប់ជនសង្ស័យរួមមាន៖ម៉ូតូទី១/ម៉ាកឌ្រីមសង់១២៥ាពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ ១HA៣០៧៩(ផ្លាកលេខក្លែងក្លាយ) លេខតួ.លេខម៉ាស៊ីន៥៣៧១៦៨០.(ម៉ូតូបាត់នៅចំនុចហាងមីឡូ) ។ម៉ូតូទី២/ម៉ាកឌ្រីមសង់១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្តាល១Y៥៥៤១ (ផ្លាកលេខក្លែងក្លាយ) លេខតួ លេខម៉ាស៊ីន៥២១៣៦៣៧ (ម៉ូតូបាត់នៅកន្លែងហាត់ប្រាណនៅក្បែរង្វង់មូល ព្រះរាជដំណាក់ ) កាលពីវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩ រួមទាំងសោកែច្នៃសម្រាប់កាច់កសោម៉ូតូមួយចំនួនផងដែរ។
ជនសង្ស័យទាំងពីរ បានសារភាពទៀតថាពួកគេ ពិតជាបានធ្វើសកម្មភាពលួចកាច់សោកយកម៉ូតូនៅក្រុងសៀមរាបជាច្រើនលើករួចមកហើយដោយក្នុងនោះរួមមាន ៖ នៅកន្លែងហាត់ប្រាណ ក្បែររង្វង់ មូល ព្រះរាជដំណាក់ ចំនួន០២គ្រឿង នៅក្បែរអាហារដ្ឋានយីហោម៉ៃឡូ ចំនួន០២គ្រឿង និងនៅក្នុងភូមិវត្តបូព៌ចំនួន០១គ្រឿង ។ក្នុងនោះសមត្ថកិច្ចក៏បានរកឃើញ ពាក្យបណ្តឹង របស់ជនរងគ្រោះចំនួន០៥ករណីផងដែរ។
លោក ណុប សារ៉ាក អធិការក្រុងសៀមរាបនៅព្រឹកថ្ងៃទី ១៥ ខែ មិថុនាឆ្នាំ២០១៩នេះបានអោយដឹងថា ជនសង្ស័យទាំង២ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃម្សិលម៉ិញដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី