ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកស្ដីបន្ទោសបន្តិចសោះ ស្រាប់តែវាយឪពុក៤ដងចប ជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីហិង្សាក្នុងគ្រួសារ (កូនវាយឪពុក) នៅផ្ទះលេខ២១២ ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២១និង០០នាទី។

ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនរងគ្រោះឈ្មោះអៀង ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុ ។ រីឯជនសង្ស័យឈ្មោះខឹម វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២១និង០០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងនៅផ្ទះកើតហេតុ ពេលនោះជនរងគ្រោះជាឪពុកបង្កើតត្រឡប់មកពីរត់ម៉ូតូឌុបវិញ ក៏បានស្តីបន្ទោសជនសង្ស័យថា ហ្អែងគ្មានសិទ្ធិផឹកស៊ីស្រែកឡូឡាក្នុងផ្ទះនេះទេ ព្រោះហ្អែងមានប្រពន្ធកូននៅខេត្តបាត់ដំបងហើយ! ។ ពេលនោះជនសង្ស័យខឹង ក៏យកដងចបវាយជនរងគ្រោះ៤ដំបង ត្រូវចំខ្នង៣ដំបង និងត្រូវប្រអប់ដៃឆ្វេង១ដង រួចគេចខ្លួន។ លុះព្រឹកឡើងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះក៏មកដាក់ ពាក្យបណ្តឹងសមត្ថកិច្ច។ រហូតដល់ម៉ោង០៩និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង បញ្ចូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

គួររំលឹកថា កន្លងមកជនសង្ស័យធ្លាប់ផឹកស៊ីស្រែកឡូឡា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនដង និងប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កំពុងឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖