ប្រទេសតាជីគីស្ថាន៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវិមានប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយ ឯកឧត្ដម អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន។
ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីតាជីគីស្ថានបានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។ ឯកឧត្តម បានបង្ហាញនូវបំណងប្រាថ្នាក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីដែលបានអញ្ជើញសម្ដេច និងគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេចនិងគណៈប្រតិភូកម្ពុជាទាំងមូលហើយសម្ដេចនាយករដ្ឋមន្ត្រីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានាធិបតីដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ។
ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជាបានចុះហត្ថលេខាក្នុងការកសាងទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៥មក តែរហូតមកដល់ពេលនេះយើងក៏មិនមានកិច្ចសហប្រតិបត្តិការអ្វីជាដុំកំភួននោះទេ។ សម្ដេចតេជោនាយកមន្ត្រីបានលើកជាការផ្ដួចផ្ដើមមួយចំនួនដូចខាងក្រោម៖
ទី១) ដោយសារតែយើងមានបញ្ហាក្នុងការស្នើសុំតែងតាំងឯកអគ្គរដ្ឋទូតនៃប្រទេសទាំង២ ដូច្នេះយើងត្រូវយកឯកអគ្គរដ្ឋទូតពីប្រទេសនៅក្បែរៗនេះដើម្បីមកកាន់ទីក្រុងនៃប្រទេសទាំងពីរ ហើយក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ថា នឹងតែងតាំងឯកអគ្គរាជទូតកម្ពុជានៅទីក្រុងម៉ូស្គូមកកាន់ប្រទេសតាជីគីស្ថាន។
ទី២) ដោយសភាពការណ៍អន្តរជាតិបច្ចុប្បន្នត្រូវការឲ្យមានការពិគ្រោះយោបល់ពិភាក្សាគ្នាគំនិតនយោបាយដើម្បីសម្របសម្រួលដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមក រួមទាំងពិនិត្យលើការកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗចូរស្នើឲ្យប្រទេសទាំងពីរពិនិត្យលទ្ធភាពរៀបចំឲ្យមានអនុស្សរណៈមានការយោគយល់គ្នាមួយដើម្បីឲ្យលឿនជាពិសេសដើម្បីពិនិត្យមើលលទ្ធភាពនៅការកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ វប្បធម៌ និងទេសចរណ៍ជាដើម។
ទី៣) ស្នើសុំឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចពិនិត្យពិគ្រោះយោបល់គ្នា និងយល់ដឹងគ្នាកាន់តែច្រើនថែមទៀត។ ជាមួយគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ក្នុងនាមព្រះករុណាព្រះមហាក្សត្រស្នើសុំគោរពអញ្ជើញ ឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយនៅពេលខាងមុខ។
ឯកឧត្តមធានាធិបតីបានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ និងបានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោតេជោក្នុងការតែងតាំងឯកអគ្គរដ្ឋទូត ក្នុងនៃប្រទេសផ្សេងនៅជិតនេះ ទៅកាន់ទីក្រុងនៃប្រទេសទាំងពីរ និងឯកភាពឲ្យមានអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឲ្យបាន និងមានការណែនាំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឲ្យបង្កើតក្រុមការងារដើម្បីធ្វើការពិគ្រោះយោបល់ជាមួយនឹងសមភាគីក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម វិនិយោគ វិស័យឧស្សាហកម្ម ជាពិសេសប្រទេសតាជីគីស្ថាននឹងធ្វើការនាំចូលក្រណាត់ និងសម្លៀកបំពាក់ពីប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រីមកបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសតាជីគីស្ថាន តាមពេលវេលាសមស្របណាមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការឆ្លើយតបជាវិជ្ជមានចំពោះគំនិតផ្ដួចផ្ដើមនានា ហើយនឹងគាំទ្រគំនិតផ្ដួចផ្ដើមនេះ ជាពិសេសក្នុងការបង្កើតនូវគណៈកម្មការចម្រុះដើម្បីគាំពារការវិនិយោគ និងអរគុណដែលឯកឧត្តមបានបង្ហាញពីបំណងចង់ទិញនាំចូលនូវសំលៀកបំពាក់ ក្រណាត់ពីកម្ពុជា ហើយសម្ដេចបានសង្កត់ធ្ងន់ថាសម្ដេចនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅតាជីគីស្ថានជាថ្មីម្ដងទៀត នឹងចុះហត្ថលេខាលើអ្វីដែលយើងបានព្រមព្រៀងគ្នានោះពេលខាងមុខបន្តទៀត៕