ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ យុត្ថា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលនៅក្នុងប្រព័ន្ឋស្រោចស្រពកង្ហត

ចែករំលែក៖

ខេត្តបាត់ដំបង៖ រសៀល ថៃ្ងសៅរ៍ ១៣កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលនៅក្នុងប្រព័ន្ឋស្រោចស្រពកង្ហត។
ឆ្លងតាមការពិនិត្យជាក់ស្ដែង ស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ នឹងត្រូវការទឹកសម្រាប់អន្តរាគមន៍សង្គ្រោះ ក្នុងអំឡុងពេលប្រមាណ ០១សប្តាហ៍ខាងមុខ ប៉ុន្តែរហូតមកដល់ពេលនេះ មន្ទីរធនធានទឹក និងឧតុនិយម មិនទាន់អាចបញ្ជូនទឹកទៅកាន់ស្រែរបស់ប្រជាពលរដ្ឋបាននៅឡើយ ដោយហេតុថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងធ្វើការសាងសង់ស្ពាន កាត់ស្ទឹងសង្កែ ត្រង់ចំណុចឃុំចែងមានជ័យ ស្រុកបាណន់ ភាគខាងលើទំនប់កង្ហតប្រមាណ ៥គម។

ដើម្បីឲ្យការងារទាំង ២ ពោលគឺទាំងការសាងសង់ស្ពាន និងការបញ្ជូនទឹកទៅកាន់ស្រែរបស់ប្រជាពលរដ្ឋ ទទួលបានជោគជ័យ លោករដ្ឋលេខាធិការ និងសហការី បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ការដ្ឋានសាងសង់ស្ពាន និងជួបពិភាក្សាការងារជាមួយមន្ត្រីទទួលបន្ទុកការសាងសង់។ បន្ទាប់ពីបានពិភាក្សាគ្នារួចមក លោកឧត្តមសេនីយ៍ត្រី ទូច សិទ្ធី ប្រធានការដ្ឋានសាងសង់ស្ពាន បានលើកសំណូមពរស្នើសុំពេលវេលាចំនួន ០៣ ថ្ងៃបន្ថែមទៀត ដោយលោកនិងខិតខំបង្កើនសកម្មភាពការងារឱ្យកាន់តែលឿន ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនៅថ្ងៃទី ១៨ ខែមិថុនា នេះ។

បន្ទាប់ពីបានទទួលសំណូមពររបស់លោកឧត្តមសេនីយ៍ត្រី និងយោងលើស្ថានភាពជាក់ស្តែងនៃស្រូវរបស់ប្រជាពលរដ្ឋ លោករដ្ឋលេខាធិការបានឯកភាពបន្ថែមរយៈពេល ០៣ ថ្ងៃ ដល់ក្រុមការងារការដ្ឋានសាងសង់ស្ពាន ដើម្បីបង្ហើយកិច្ចការដែលនៅសេសសល់ ព្រមទាំងធ្វើការសម្អាតបាតស្ទឹង ហើយនៅយប់ថ្ងៃទី ១៨ ក្រសួងធនធានទឹក និងឧតុនិយម និងចាប់បើកទ្វារទឹកទំនប់ពហុបំណង ទម្លាក់ទឹកមកកាន់ទំនប់កង្ហត ដើម្បីចែកចាយទៅកាន់ស្រែរបស់បងប្អូនប្រជាពលរដ្ឋ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖