នៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Sooronbay Jeenbekov ប្រធានាធិបតីកៀគីស្ថានជាលក្ខណៈទ្វេភាគី។
ជាការចាប់ផ្ដើម ឯកឧត្តមប្រធានាធិបតីបានមានប្រសាសន៍ថា ឯកឧត្តម រីករាយដែលបានជួបសម្ដេចក្នុងឱកាសប្រជុំស៊ីការ(CICA) នៅប្រទេសតាជីគីស្ថាននេះ។ ឯកឧត្តមក៏បានមានប្រសាសន៍ថា ឯកឧត្តមអរគុណចំពោះការអញ្ជើញរបស់សម្ដេចទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថាសម្តេចពិតជារីករាយដែលបានជួបឯកឧត្តមបើទោះបីជាមានការមមាញឹកគឺយើងមានឱកាសជួបគ្នានៅទីនេះ។ សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថាប្រទេសយើងទាំងអស់គឺជាសប្បាយចិត្តនៅក្របខណ្ឌស៊ីកា(CICA) នេះ។ សម្តេចបានមានប្រសាសន៍ថាឥឡូវនេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរគឺមានរយៈពេល២៤ ឆ្នាំហើយ ក្រោយពីការចុះកិច្ចព្រមព្រៀងកាទូតមកនៅឆ្នាំ១៩៩៥ ដោយសម្ដេចបានមានប្រសាសន៍ថាមកដល់ពេលនេះទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនៅមានកម្រិតតិចតួចដូច្នេះហើយសម្ដេចឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតទៅវិញទៅមកប្រចាំនៅប្រទេសយើងទាំង២ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រទេសយើងទាំងពីរបន្តជំរុញទំនាក់ទំនងទ្វេភាគីនេះហើយនៅពេលអនាគតយើងនឹងអាចមានស្ថានទូតប្រទេសរៀងខ្លួនទៅវិញទៅមក។ សម្តេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងធ្វើយ៉ាងណាឲ្យប្រទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាងមុនដែល ទី១សម្តេចបានស្នើគួរតែចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ហើយយើងអាចចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នាហើយអាចពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមព្រះមហាក្សត្រខ្មែរ ក៏បានគោរពអញ្ជើញ ឯកឧត្តមប្រធានាធិបតីគៀគីស្ថានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសគៀគីស្ថានផងដែរ។
ឯកឧត្តមប្រធានាធិបតីបានឆ្លើយតបថា ឯកឧត្តមមានការចាប់អារម្មណ៍ជាខ្លាំងចំពោះអ្វីដែលសម្តេចបានលើកឡើង ហើយជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងគៀគីស្ថាន។
ឯកឧត្តមប្រធានាធបិតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគៀគីស្ថានមានឯកអគ្គរដ្ឋទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ ឯកឧត្តមប្រធានាធិបតីក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចប្រទេសរបស់ឯកឧត្តម ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ៕