(ភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩)៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២យ៉ាងដូច្នេះថា៖ “ការរីកចម្រើនបច្ចេកវិទ្យាថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០នេះ នឹងធ្វើឱ្យបាត់បង់ការងារមួយចំនួន តែក៏បង្កើតឱ្យមានការងារថ្មីៗផ្សេងទៀតផងដែរ ដែលតម្រូវឱ្យពលរដ្ឋគ្រប់គ្នាចេះនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈ”។
ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី២នេះ ធ្វើឡើងក្រោមប្រធានបទ «TVET អាចធ្វើបាន» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។
ក្នុងកម្មវិធីនេះផងដែរគឺមានការចូលរួមឧបត្ថមដ៏ធំពីក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនរបស់ជនជាតិខ្មែរតែមួយគត់ ដែលតែងតែចូលរួមគាំទ្រកម្មវិធីដើម្បីបន្តលើកកំពស់លើវិស័យអប់រំ និងបណ្តុះបណ្តាលលើវជ្ជាជីវៈ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងថា ទន្ទឹមនឹងការកើតមានឡើងនូវបដិវត្តឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ។
ឯកឧត្តមមានប្រសាសន៍ថា សូម្បីតែនៅកម្ពុជាបច្ចុប្បន្ននេះ ក៏មានការផ្លាស់ប្តូរដែលបណ្តាលមកពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះដែរ ដូចជាការផ្តល់សេវារថយន្តតាក់ស៊ី សេវាធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ទំនិញ ឬការកក់សណ្ឋាគារ និងសំបុត្រយន្តហោះជាដើម។ កត្តានេះនាំឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ការងារ ព្រមទាំងការបង្វែការទុនវិនិយោគត្រលប់ទៅប្រទេសអភិវឌ្ឍដែលជាប្រភពដើមនៃទុនវិញ ដោយសារការអាចប្រើប្រាស់ស្វ័យប្រវត្តិកម្ម រ៉ូបូត និងបញ្ញានិម្មិតជំនួសឱ្យកម្លាំងពលកម្ម និងបញ្ញាមនុស្ស។
ជាការពិតហើយថា នឹងមានការងារខ្លះនឹងត្រូវបានបំផ្លាញ និងបាត់បង់ ពេលដែលក្រុមហ៊ុនចាប់យកបច្ចេកវិទ្យាថ្មីទាំងនេះ មកប្រើប្រាស់ជាបន្តបន្ទាប់ ក៏ប៉ុន្តែបច្ចេកវិទ្យាថ្មីទាំងនេះ ក៏នឹងចូលរួមចំណែកផងដែរក្នុងការបង្កើតការងារថ្មីៗកាន់តែល្អ មានផលិតភាព និងផ្តល់ប្រាក់ឈ្នួលកាន់តែខ្ពស់ ដូចនៅក្នុងប្រវត្តិសាស្រ្តនៃបដិវត្តន៍ឧស្សាហកម្មនានា ក្នុងពេលកន្លងមក។
ក្នុងបរិបទដែលខឿនសេដ្ឋកិច្ច បច្ចេកវិទ្យា និងពិភពការងារមានការប្រែប្រួលយ៉ាងឆាប់រហ័សដូច្នេះ កម្លាំងពលកម្មទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីរត់ដេញតាម ហើយអ្នកដែលនឹងឈានទៅទទួលបានជោគជ័យ គឺអ្នកដែលផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់ ក្នុងការយកចិត្តទុកដាក់លើការអភិវឌ្ឍថ្មីៗ ដែលកំពុងលេចរូបរាងឡើង និងអនុវត្តការសិក្សាពេញមួយជីវិត ដើម្បីឈានទៅចាប់យក និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងជំនាញចាំបាច់ជាបន្តបន្ទាប់ឥតដាច់ ដើម្បីអាចឆ្លើយតបទាន់ការប្រែប្រួលដ៏ឆាប់រហ័សនៅក្នុងទីផ្សារការងារ។
ក្នុងនោះ ការអភិវឌ្ឍធនធានមនុស្សដែលផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតមួយ។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានបន្តថា ដើម្បីចូលរួមអនុវត្តឱ្យសម្រេចជោគជ័យនូវអាទិភាពខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ» ជាយុទ្ធសាស្ត្រគន្លឹះមួយ ដើម្បីកសាងបាននូវកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតឆ្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងសម្រេចឱ្យបាននូវគោលដៅ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត»។
រាជរដ្ឋាភិបាលបានបង្កើតក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដាក់ឱ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់ ៥វិស័យ រួមមាន សំណង់ មេកានិក ធុរកិច្ច/ICT អគ្គិសនី និងកម្មន្តសាល ព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុន ដែលនឹងធ្វើសមាហរណកម្មអ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ និងទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ៕