ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ស្លាប់ដោយជំងឺគាំងបេះដូង កាលពីវេលាម៉ោង១២ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចអូរធំ75 ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ លាស់ យឿង ភេទស្រី អាយុ57ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឈើទាលជ្រុំ ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពងធំ។

តាមការបំភ្លឺរបស់ឈ្មោះទឹម គឹមអេង ភេទស្រី អាយុ 42ឆ្នាំ នៅភូមិជាមួយគ្នាត្រូវជាប្អូនថ្លៃរបស់សព បានប្រាប់់សមត្ថកិច្ចថា ពួកគាត់ និងជនរងគ្រោះរួមមានគ្នា៦នាក់ នៅភូមិជាមួយគ្នា បាននាំគ្នាទៅរើសគ្រាប់ស្វាយចន្ទីឲ្យឈ្មោះ ហេង ភេទប្រុស នៅកន្លែងកើតហេតុ ពេល នោះបងថ្លៃខ្លួនឈ្មោះ លាស់ យឿង គាត់ចេះតែត្អូញត្អែរថា មិនសូវស្រួលខ្លួនទេ នាពេលកំពុងតែដើររើសគ្រាប់ចន្ទី ពេលនោះពួកគាត់ម្នាក់ៗ ប្រឹងដើររុករករើសគ្រាប់ចន្ទីតាមក្រោមដើម តាមរង រហូតដល់ពេលសម្រាកហូបបាយម៉ោង១មិន ឃើញឈ្មោះ លាស់ យឿង នេះមកហូបបាយនឹងគេទេ ក៏បាននាំគ្នាដើររុករកក្នុងចំការ ពេលនោះបាន ឈ្មោះ ទន់ ចាប ភេទប្រុស និងកូនស្រីឈ្មោះ ទន់ ធីដា បានប្រទះជនរងគ្រោះ ដេកដួលនៅក្បែរអូរ ក៏ប្រកាសគ្នីគ្នាមកជួយពិនិត្យមើល ពេលនោះបាននាំគ្នាមើល ដើម្បីជួយសង្គ្រោះតែជនរង គ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញ​ស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងប្រជាពលរដ្ឋ ដើម្បីពិនិត្យសាកសព និងទីកន្លែងកើតហេតុ ការពិនិត្យនៅលើដងខ្លួនសព និងកន្លែងកើតហេតុ យើងពុំឃើញមានស្លាក ស្នាមអ្វីគួរកត់សម្គាល់ឡើយ ហើយបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់ ឈ្មោះលាស់ យឿង នេះ បណ្តាលមកពី ហេវហត់អស់កម្លាំង កើតខ្យល់គរ ៕ប៊ុនរិទ្ធី


ចែករំលែក៖