អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក និងសម្ពន្ធមិត្តចោទប្រកាន់ទៅលើប្រទេសអ៊ីរ៉ង់នាពេលនេះ គឺមិនខុសអ្វីពីការចោទប្រកាន់ទៅលើប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ដើម្បីអាមេរិកបញ្ជូនទាហានទៅវាយប្រហារ ផ្តួលរំលំរបបដឹកនាំដែលមិនគាំទ្រអាមេរិក ។
លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមិថុនា ថា«យើងមិនមិនអនុញ្ញាតឲ្យអាមេរិក ដើរតាមកន្លងអ៊ីរ៉ាក់ទៅលើប្រទេសអ៊ីរ៉ង់ឡើយ» ។ ការប្រតិកម្មរបស់រុស្ស៊ីកើតឡើង ក្នុងពេលដែល អាមេរិក និងសម្ពន្ធមិត្ត បានត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធា វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។
នៅពេលនេះដែរ អាមេរិក និងអារ៉ាប៊ី សាអូឌីត ធ្វើសមយុទ្ធទាហានអាកាសនៅឈូងសមុទ្រ អារ៉ាប់ ។ កាលពីថ្ងៃទី១៦ ខែមិថុនា យន្តហោះ ចម្បាំងរបស់ អារ៉ាប៊ី សាអូឌីត និងអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ ដោយមានទាំងយន្តហោះចាក់សាំងនៅលើអាកាសទៀតផង ។
នៅក្នុងសមយុទ្ធនោះ អាមេរិកបានបញ្ជូនក្រុមយន្តហោះចម្បាំង F-15C Eagle ចូលរួម ។ សារព័ត៌មាន Arab News បានផ្សាយថា គោលដៅនៃការធ្វើសមយុទ្ធនោះ គឺដើម្បីបង្កើនសមត្ថភាពការពារនឹងវាយលុក ក្នុងពេលដែលកំពុងប្រឈមមុខតានតឹង ជាមួយអ៊ីរ៉ង់ ។
កន្លងមក មានព័ត៌មានបានផ្សាយថា អ៊ីរ៉ង់បានត្រៀមលក្ខណវាយប្រហារទៅលើទីតាំង កម្លាំងទាហានអាមេរិក និងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់ឈូងសមុទ្រ ។ អាមេរិកបានបញ្ជូនក្រុមនាវាចម្បាំង ដែលមាន នាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់ឈូងសមុទ្រ និងបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ទៅកាន់ប្រទេសកាតា ក៏ដូចជាដាក់ពង្រាយមីស៊ីលការពារដែនអាកាស Patriot ។
សកម្មភាពខាងលើ កើតឡើង ក្រោយពេលនាវាដឹកទំនិញពីរគ្រឿង រងការវាយប្រហារ នៅតំបន់សមុទ្រ Oman ពេលកំពុងតែធ្វើដំណើរពីប្រទេស កាតាទៅកាន់កោះតៃវ៉ាន់ និងនាវាដឹកប្រេងរបស់ជប៉ុន ចាកចេញពី អារ៉ាប៊ីសាអូឌីត ទៅកាន់សឹង្ហបុរី ។ អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយ ការវាយប្រហារខាងលើ ។ ចំណែកអ៊ីរ៉ង់វិញបានច្រានចោលការចោទប្រកាន់ខាងលើ ដោយចាត់ទុកថាទាំងនោះជាសកម្មភាពដើម្បីទម្លាក់កំហុសទៅឲ្យអ៊ីរ៉ង់ ។
ពេលថ្មីៗនេះ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman ដូចទៅនឹងសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួនដែរ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយខ្នងការវាយប្រហារលើកប៉ាល់ដឹងប្រេង០២គ្រឿង នៅឈូងសមុទ្រអូម៉ង់ ដែលជាច្រកដឹកជញ្ជូនយ៉ាងសំខាន់ ។
ព្រះអង្គម្ចាស់ Bin Salman បានមានបន្ទូលដូច្នេះថា«ប្រទេសអ៊ីរ៉ង់មិនគោរពនាយករដ្ឋមន្រ្តីជប៉ុន ដែលខំទៅបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ទាល់តែសោះ ព្រោះថាខណៈដែលលោកនាយករដ្ឋមន្រ្តីជប៉ុនកំពុងស្ថិតនៅទីនោះ អ៊ីរ៉ង់ស្រាប់តែឆ្លើយតបចំពោះកិច្ចប្រឹងប្រែងនេះ តាមរយៈការវាយប្រហារលើកប៉ាល់ដឹងប្រេង០២គ្រឿង ក្នុងនោះមួយគ្រឿងជារបស់ជប៉ុនតែម្តង» ។ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ទ្រង់មិនចង់បានសង្រ្គាមនៅក្នុងតំបន់ទេ តែក៏មិនរារែកក្នុងការប្រឈមមុខជាមួយការគំរាមកំហែងនានាដែរ ។
គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែមិថុនានេះ កប៉ាល់ដឹកប្រេង០២គ្រឿង មួយគ្រឿងជារបស់ន័រវែស និងមួយគ្រឿងជារបស់ជប៉ុន បានទទួលរងការបំផ្ទុះនៅឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ Hormuz ។ ភ្លាមៗក្រោយករណីនេះ អាមេរិកបានចោទអ៊ីរ៉ង់ចំៗថា ជាអ្នកវាយប្រហារលើកប៉ាល់ទាំងពីរគ្រឿង ដោយពុំមានភស្តុតាងរឹងមាំណាមួយឡើយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួន ។
តែយោធាអាមេរិកក្រោយមក ក៏បានបញ្ចេញឃ្លីបវីដេអូមួយ ដែលខ្លួនអះអាងថា ជាសកម្មភាពកងកម្លាំងអ៊ីរ៉ង់ដោះគ្រាប់មីនមិនផ្ទុះ ចេញពីកប៉ាល់ដឹកប្រេងមួយគ្រឿង ក្នុងចំណោមកប៉ាល់ទាំងពីរ ។ ទោះជាបែបនេះក្តី វីដេអូនោះមិនបានបង្ហាញពីឈ្មោះ ឬក៏ទង់ដែលអាចបញ្ជាក់ពីអត្តសញ្ញាណពិតប្រាកដបានឡើយ ។
ជុំវិញការចោទប្រកាន់ទាំងនេះ អ៊ីរ៉ង់បានចេញមុខបដិសេធចោលទាំងអស់ និងទទូចឲ្យបញ្ឈប់ការទម្លាក់កំហុសមកលើខ្លួនជាដដែលៗទៀត ព្រោះថាករណីវាយប្រហារស្រដៀងគ្នានេះ លើកប៉ាល់ដឹកប្រេង០៤គ្រឿងនៅតំបន់ខាងលើ កាលពីខែឧសភា ក៏អ៊ីរ៉ង់បានទទួលរងការចោទប្រកាន់ដែរ ។ ករណីទាំងអស់នេះទៀតសោត គឺកើតឡើងចំពេលអ៊ីរ៉ង់និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងជាមួយខ្លាំង ។
កន្លងមក អង់គ្លេសបានសំរេចបញ្ជូនទាហានម៉ារីន១០០នាក់ទៅកាន់តំបន់ឈូងសមុទ្រពែក្ស ដើម្បីការពារយោធានិងនាវាជំនួញរបស់ខ្លួនក្រោយឧបទ្ទវហេតុវាយប្រហារលើនាវាដឹកប្រេងចុងក្រោយនេះនៅឈូងសមុទ្រអូម៉ង់ ។ ទោះជាអ្នកនៅពីក្រោយការវាយប្រហារនេះនៅមិនទាន់ត្រូវដឹងច្បាស់ ក៏សហរដ្ឋអាមេរិក អង់គ្លេសនិងអារ៉ាប៊ីសាអូឌីត ដែលជាសម្ពន្ធមិត្តធំរបស់អាមេរិកក្នុងតំបន់បានចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកប្រព្រឹត្ត ។
យោងតាមកាសែតThe Sunday Timesទាហានម៉ារីនទៅពីក្រុមកុម្មង់ដូ42 Commandoនឹងបង្កើតក្រុមការងារពិសេសមួយ សំរាប់ល្បាតនៅតំបន់ឈូងសមុទ្រ ។
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសអង់គ្លេសបានចោទប្រកាន់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថាបានវាយប្រហារលើនាវាដឹកប្រេងទាំង២ នៅមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើការចោទប្រកាន់ដូចគ្នា ។ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់ ខណៈអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានព្រមានអំពីការព្យាយាមទម្លាក់កំហុសលើអ៊ីរ៉ង់មុនធ្វើការស៊ើបអង្កេតល្អិតល្អន់ណាមួយលើឧបទ្ទវហេតុនេះ ៕