ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ ភូមិបាលខណ្ឌ និង មន្ត្រីពាក់ព័ន្ធ បានចុះវាស់វែងដីប្រជាពលរដ្ឋចំនួន១៨ក្បាលដី ក្រោយពីចេញសេចក្ដីជូនដំណឹងឱ្យពួកគាត់ដែលកំពុងរស់នៅ និងគ្រប់គ្រងដីនៅសងខាងព្រែកអូរវែង ចាប់ពីចំណុចបេតុងក្រោយវត្តទួលសន្តិវ័ន (ហៅទួលអស់លោក) ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដល់ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
នេះបើតាមការបញ្ជាក់ពី លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ក្នុងឱកាសដឹកនាំកម្លាំងចម្រុះ ចុះវាស់វែងដីប៉ះពាល់ ចំនួន១៨ក្បាលដី នៅប៉ែកខាងកើតអូរវែងពីទំហំនៃការប៉ះពាល់លើប្លង់គោលការស្ដារហេដ្ឋារចនាសម្ព័ន្ធតាមប្រឡាយអូរវែង ដែលមានទទឹង៨០ម៉ែត្រ តាមគម្រោងរបស់រដ្ឋបាលរាជធធានីភ្នំពេញ ។ លោកបានបន្តថា៖ជាជំហ៊ានដំបូងការអនុវត្តរបស់ គណៈ កម្មការបានវាស់វែង និង ធ្វើកំ ណត់ហេតុពីទំហំក្បាលដីនិមួយៗរបស់ពួកគាត់ជាក់ស្ដែង ដើម្បីដាក់ជូនគណៈអភិបាលនិងក្រុមការងារដោះស្រាយ ដោយឈរលើគោលការណ៍ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។
លោក អភិបាលខណ្ឌរងឫស្សីកែវ បានឱ្យដឹងថា៖ប្លង់គោលការស្ដារហេដ្ឋារចនាសម្ព័ន្ធ តាមប្រឡាយអូរវែង ចាប់ពីស្ថនីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ដល់ផ្លូវ៩០៧(ចំណតយាន្តដ្ឋានសូរិយាដឹកអ្នកដំណើរ) មានប្រវែង៤.៤៥០ម៉ែត្រ ទទឹង៨០ម៉ែត្រ តាមគម្រោងរបស់សាលារាជធានីភ្នំ ពេញ ។ ក្នុងនោះ បានកំណត់ទុកមាត់ប្រឡាយប្រវែង៣០ម៉ែត្រ,ទុកសម្រាប់ធ្វើផ្លូវអមសងខាង២០ម៉ែត្រ ដោយផ្លូវម្ខាងទទឹង១០ម៉ែត្រ និង ៣០ម៉ែត្រទៀតប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅផ្លូវរថភ្លើង ទាំង៣សង្កាត់ សរុបចំនួន៣២០គ្រួសារ ក្នុងខណ្ឌឫស្សីកែវ មានសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និង សង្កាត់ទួលសង្កាត់ទី១ បានទទួលប្រទានកម្មដីពីរាជរដ្ឋាភិបាល ទំហំ៤ម៉ែត្រx១៥ម៉ែត្រ ដើម្បីសង់លំនៅឋាន ស្ថិតនៅក្រោយវត្តទួលសន្តិវ័័ន (ហៅវត្តទួលអស់លោក)ដែលជាដីចំណីប្រឡាយដីសាធារណៈរបស់រដ្ឋ ។
គួរបញ្ជាក់ថា៖បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍កែលំអរសោភណ្ឌភាពតាមមាត់ប្រឡាយអូរវែងកំពុងអនុវត្តការចាក់ដីបំពេញនិងឈូសឆាយពង្រាបទៅតាមគម្រោងប្លង់គោល ជំហ៊ានដំបូងចាប់អនុវត្តប្រវែង៣៩៥ម៉ែត្រ ចាប់ពីស្ពានថ្មវត្តទួលអស់លោកទៅលើ ដោយបុកស៊ីផាយសងខាងមាត់ប្រឡាយ ៕ អរុណរះ