ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងអ៊ីរ៉ង់ឈានដល់ដំណាក់កាលតានតឹងបំផុត អាចប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយ

ចែករំលែក៖

ក្រោយហេតុការណ៍បាញ់ប្រហារទៅលើនាវាដឹកប្រេង ក្នុងតំបន់សមុទ្រ Oman ​អាមេរិក និងអ៊ីរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមក​ ថា ជាអ្នកនៅពីក្រោយ ។ សកម្មភាពនេះ ជាហេតុធ្វើឲ្យអាមេរិកបានបញ្ជូនទាហានបន្ថែមដើម្បីដាក់គំនាបទៅលើប្រទេសអ៊ីរ៉ង់​ ។

នៅពេលនេះដែរ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោក​ Mohammad Baqeri ​បានប្រកាសថា កម្លាំងទាហានអ៊ីរ៉ង់​ អាចនឹងបិទច្រកសមុទ្រ Hormuz ​ដើម្បីរារាំងការដឹកជញ្ជូនប្រេង​ចេញតាមច្រកនេះដោយបើកជំហរ ។ កម្លាំងទាហានអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើរឿងនេះ ។

ច្រកសមុទ្រ Hormuz ​គឺជាផ្លូវដឹកជញ្ជូនប្រេង ដ៏សំខាន់បំផុត ដោយបណ្តាប្រទេសតំបន់ឈូងសមុទ្រ ចាំបាច់ត្រូវតែដឹកប្រេងឆ្លងកាត់ទៅនេះទើប​នាំចេញទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានអាមេរិក អូស្ត្រាលី ជប៉ុន និង អឺរ៉ុប​ខាលិច​ ។

កន្លងកអ៊ីរ៉ង់ក៏ធ្លាប់ព្រមានបិទច្រកសមុទ្រនេះដែរ ប្រសិនបើ​ រងការដាក់ទណ្ឌកម្ម ដឹកជញ្ជូនប្រេងនោះ ។ មន្ត្រីសន្តិសុខជាតិអ៊ីរ៉ង់ លោក​ Ali KhamKhani ​បានបញ្ជាក់ថា អ៊ីរ៉ង់​កំពុងតែគ្រប់គ្រង សន្តិសុខនៅតំបន់ឈូងសមុទ្រ ។ ទន្ទឹមនឹងនោះលោកក៏បាន​ស្នើឲ្យអាមេរិកដកទាហានចេញពីតំបន់នេះ​ ។

លោក Ali KhamKhani បញ្ជាក់ទៀតថា «យើងសូមរំលឹកជាថ្មីនៅគោលជំហររបស់យើង ហើយកម្លាំងទាហានអាមេរិក ចាំបាច់ត្រូវតែចាកចេញពីតំបន់ នេះ ។ វត្តមានរបស់ទាហានអាមេរិក នឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង» ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក​​ Patrick Shanahan កាលពីថ្ងៃទី​១៧ខែមិថុនា បានប្រកាសបញ្ជូន ទាហានបន្ថែម​១៥០០នាក់ទៅកាន់តំបន់មជ្ឈិបូព៌ា​ ដើម្បីការពារផលប្រយោជន៍អាមេរិក ទប់ស្កាត់ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ។

ការប្រឈមមុខតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែខ្លាំងឡើង​ក្រោយពេលនាវាដឹកប្រេងពីរគ្រឿង​រងការវាយប្រហារបណ្តាលឲ្យឆេះនៅដែនសមុទ្រ Oman ។ នេះជាការវាយប្រហារលើកទីពីរហើយទៅលើ នាវាដឹកប្រេងក្នុងរយៈពេល​មិនដល់ ១ខែផងនោះ ក្នុងតំបន់ឈូងសមុទ្រ ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទម្លាក់កំហុសទាំងអស់ទៅលើប្រទេសអ៊ីរ៉ង់​ជាអ្នកនៅពីក្រោយហេតុការវាយប្រហារទាំងនោះ ។ អាមេរិកចោទអ៊ីរ៉ង់ថាបានគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ពិសេសគឺ​សន្តិសុខដឹកជញ្ជូនតាមដែនសមុទ្រ ។

ចំណែកមន្ត្រីយោធាអ៊ីរ៉ង់វិញបាន ចាត់ទុកសកម្មភាពបាញ់ប្រហារទៅលើនាវាដឹកប្រេង គឺជា​«ឆាកល្ខោន ដើម្បីអាមេរិកបញ្ជូនទាហាន ទៅកាន់តំបន់ជម្ឈិបូព៌ា​កាន់តែច្រើនដើម្បី​ ដាក់គំនាប់ទៅលើប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ ។

ចំណែក ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានសភាអ៊ីរ៉ង់បានបង្ហើបឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនអាចស្ថិតនៅពីក្រោយការវាយ ប្រហារដ៏គួរឲ្យសង្ស័យលើកប៉ាល់ដឹកប្រេងក្នុងឈូងសមុទ្រអូម៉ង់ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ។

លោក Ali Larijani បានប្រាប់សមាជិកសភាថា “សកម្មភាពគួរឲ្យសង្ស័យប្រឆាំងនឹងកប៉ាល់ដឹកប្រេងហាក់ដូចជាដាក់សម្ពាធបន្ថែមលើទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសហរដ្ឋអាមេរិកចាត់ទុកថាវាមិនបានសម្រេចលទ្ធផលណាមួយឡើយ” ។ លោកបានអះអាងថា ធ្លាប់មានយុទ្ធសាស្ត្រអំឡុងសង្គ្រាមលោកលើកទី២នៅពេលដែលអាមេរិកបានកំណត់គោលដៅលើនាវាផ្ទាល់ខ្លួនរបស់ពួកគេនៅក្បែរប្រទេសជប៉ុនដើម្បីបង្កើតលេសសម្រាប់បង្ករឿង ។

សហរដ្ឋអាមេរិកបានធ្វើសង្គ្រាមបន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រទេសជប៉ុនទៅលើមូលដ្ឋាន Pearl Harbor របស់អាមេរិកនៅកោះហាវ៉ៃនៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ១៩៤១ ។ កប៉ាល់ដឹកប្រេង Kokuka Courageous របស់ជប៉ុននិងកប៉ាល់ Front Altair របស់ន័រវែសត្រូវបានវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ហើយបានឆាបឆេះខណៈពួកគេកំពុងឆ្លងកាត់ឈូងសមុទ្រអូម៉ង់ ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រុងតេអេរ៉ង់ថា ស្ថិតនៅពីក្រោយការវាយប្រហារនេះដែលបានកើតឡើងចំពេលដំណាលគ្នាដែលនាយករដ្ឋមន្ត្រីជប៉ុនលោក Minister Shinzo កំពុងស្ថិតនៅក្នុងទីក្រុងតេអេរ៉ង់សម្រាប់កិច្ចចរចាជាមួយគោលបំណងបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានច្រានចោលការអះអាងរបស់អាមេរិកថាគ្មានមូលដ្ឋានហើយបាននិយាយថា ក្រុងវ៉ាស៊ីនតោនបានធ្វើការចោទប្រកាន់ភ្លាមៗប្រឆាំងប្រទេសអ៊ីរ៉ង់ទាំងគ្មានភ័ស្តុតាងជាក់ស្តែងឬភ័ន្តច្រឡំ ។

មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូមួយដែលបង្ហាញពីអ្វីដែលខ្លួននិយាយថាគឺជាទូកអ៊ីរ៉ង់ដែលបានទាញឡើងជាមួយកប៉ាល់ដឹកប្រេងរងការវាយប្រហារមួយគ្រឿងនិងបានយកចេញនូវគ្រាប់មីនដែលភ្ជាប់ទៅនឹងតួរបស់កប៉ាល់នោះ ។

ការប្រឈមមុខតានតឹង​ជាមួយអាមេរិក ធ្វើឲ្យអ៊ីរ៉ង់ ប្រកាសថាខ្លួននឹងឈប់អនុវត្តនូវការដាក់កំហិតលើការស្ដុកទុក និងចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ចាប់ពីថ្ងៃទី២៧ ខែមិថុនា នេះ តទៅ ។

ប៉ុន្តែទន្ទឹមគ្នានឹងការប្រកាសរបស់អ៉ីរ៉ង់ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានព្រមានថាពួកគេអាចនឹងដាក់ទណ្ឌកម្ម បើសិនជាទីក្រុងតេហេរ៉ង់ រំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ យ៉ាងណាក៏ដោយ អ៉ីរ៉ង់ នៅតែបញ្ជាក់ដដែលថាបណ្ដាប្រទេសអឺរ៉ុប នៅតែមានឱកាសស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ មុននឹងស្ថានភាព អាក្រក់ជាងបច្ចុប្បន្នផ្ទុះឡើង ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ (មានប្រទេស ហត្ថលេខីផ្សេងទៀតដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស ចិន រុស្ស៊ី និងអ៉ីរ៉ង់) កាលពីឆ្នាំ២០១៨ ហើយចាប់ពីពេល នោះមកដែរ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ជួបភាពតានតឹងរហូតមកទល់នឹងពេល បច្ចុប្បន្ន ។ ភាពតានតឹងនេះទៀតសោត អាចនឹងកើនឡើងកាន់តែខ្លាំង នៅក្នុងករណីអ៊ីរ៉ង់បង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញមែននោះ ៕


ចែករំលែក៖