ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតបារាំង ដាំដើមឈើរួមគ្នាក្នុងបរិវេណស្ថានទូត ដើម្បីផ្សព្វផ្សាយ ពីសារៈនៃបរិស្ថាន និងការអភិរក្សជីវៈចម្រុះ

ចែករំលែក៖

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី អេរ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំដាំដើមឈើរួមគ្នាជាមួយសិស្សសាលាវិទ្យាល័យដេកាត និងសាលាអង្គការភាពញញឹមនៃកុមារ(PSE) ក្នុងបរិវេណស្ថានទូតបារាំង នារាជធានីភ្នំពេញ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការដាំដើមឈើជានិមិត្តរូមនាពេលនេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយដល់សាធារណៈជន ពិសេសយុវជន ពីសារៈនៃបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ក៏ដូចជាលើកកម្ពស់សកម្មភាពនានានៅក្នុងវិស័យបរិស្ថាននៅកម្ពុជានេះ ។ លោក បានបន្ថែមថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃការចូលរួមបង្កើនកិច្ចការពារបរិស្ថាន និងបំផុសឱ្យប្រជាពលរដ្ឋស្រលាញ់ធនធានធម្មជាតិ ជាពិសេសព្រៃឈើ ជាពិសេសបណ្តុះស្មារតីឱ្យយុវជនជំនាន់ក្រោយ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។
លោកស្រីអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សាយ សំអាល់ ដែលបានគាំទ្រគម្រោងនេះ តាមរយៈការផ្ដល់ដើមឈើជាង១០០ដើម មកឲ្យស្ថានទូតបារាំងដាំបន្ថែម។ លោកជំទាវ បានបន្ថែមថា ការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពនៃសកម្មភាពនានារបស់ប្រទេសបារាំង នៅក្នុងក្របខណ្ឌជាតិ និងលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ពិធីដាំដើមឈើនៅពេលនេះ ប្រារព្ធឡើងក្នុងរយៈពេល៣សប្តាហ៍ មុនរុក្ខទិវានៃព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំឡើងរបស់ស្ថានទូតបារាំង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ព្រៃឈើដ៏ស្រស់ត្រកាលនៅក្នុងឧទ្យានស្ថានទូត។ ឧទ្យានស្ថានទូតបារាំងនៅកម្ពុជា គឺជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ដែលបើកឲ្យសាធារណជនចូលទស្សនាជាច្រើនដងក្នុងមួយឆ្នាំៗ នៅក្នុងកម្មវិធីផ្សេងៗ។ ឧទ្យានដ៏ស្រស់ស្អាតនេះបានរចនាឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅនៃប្រវត្តិសាស្រ្តទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរយៈពេលជាង៥០ឆ្នាំ រវាងប្រទេសទាំងពីរកម្ពុជា-បារាំង។ អស់រយៈពេលជាង០១ឆ្នាំកន្លងមកនេះ អ្នកជំនាញព្រៃឈើ២នាក់ ក្នុងនោះមានខ្មែរម្នាក់និងបារាំងម្នាក់ បានធ្វើការចុះបញ្ជីដើមឈើទាំងអស់ ដែលមានចំនួន ២០០ដើម និងមាន១០០ប្រភេទផ្សេងៗគ្នា។ ក្នុងពេលដ៏ខ្លីខាងមុខ ការរៀបចំកែលម្អទាំងនេះ នឹងកែប្រែមុខមាត់របស់ឧទ្យានស្ថានទូតបារាំង ទៅជាព្រៃត្រូពិចតូចមួយ ដែលជានិមិត្តរូបនៃជីវៈចម្រុះក្នុងស្រុកដ៏គួរឲ្យចាប់អារម្មណ៍ និងជាទីស្ថានដ៏ស្ងប់ស្ងាត់និងមនោរម្យនៅចំកណ្ដាលរាជធានីភ្នំពេញ។ តាមរយៈសកម្មភាពកែលម្អសួនរុក្ខជាតិនៅក្នុងស្ថាទូតបារាំង សាធារណជននឹងមានឱកាសចូលទស្សនា និងស្វែងយល់ដោយសេរី ពីរៀបចំទីតាំងធម្មជាតិនៅទីនោះ នៅក្នុងទិវាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ ៕

ដោយ៖ សហការី


ចែករំលែក៖