ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ឆក់ត្រីក្នុងស្រះខុសបច្ចេកទេស បែរជាឆ្លងចរន្ត ឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់បានស្លាប់ដោយសារឆក់ត្រី នៅក្នុងស្រះទឹកកាលពីវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹករបស់ឈ្មោះ ឌុំ ឡន ភេទ ប្រុស អាយុ ៥៧ឆ្នាំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ សពឈ្មោះ ឈន ចាន់ធូ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺពីម្តាយបង្កើតនៃសព ឈ្មោះ ជា សុភី អាយុ ៤៧ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើបានរៀបរាប់ឲ្យដឹងថា៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កូនរបស់នាងខ្ញុំ បានទៅឆក់ត្រីនៅស្រះនោះម្តងរួចទៅហើយ តែឥឡូវវាបបួលគ្នាទៅទៀតបានឆក់ស្លាប់តែម្តង។

តាមការបំភ្លឺរបស់ប្អូនបង្កើតនៃសព ឈ្មោះ ឈន ម៉េងហ័រ ភេទប្រុស អាយុ ១៤ ឆ្នាំ បានរៀបរាប់ថា៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ប្រហែល ម៉ោង១៦:៣០នាទីខ្ញុំបាទបានទៅឆក់ត្រីជាមួយបងប្រុសបង្កើតម្ដងហើយតែមិនមានអ្វីកើតឡើងទេ លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧:០០នាទី បងខ្ញុំឈ្មោះ ឈន ចាន់ធូ បបួលគ្នាទាំង០៣នាក់ទៅឆក់ត្រី នៅកន្លែងស្រះដដែលទៀត ពេលនោះ ខ្ញុំពីរនាក់ឈ្មោះ ឌុំ ផលៀង ពុំបានចុះក្នុងទឹកជាមួយបងខ្ញុំទេ គាត់ចុះឆក់តែម្នាក់ឯងចាប់ត្រី រួចស្រាប់តែឃើញដួលផ្កាប់ មុខទៅក្នុងទឹក ពេលនោះពួកខ្ញុំទាំងពីរនាក់ក៏ចុះស្រង់ដាក់ម៉ូតូឌុបឱបបងយកទៅមន្ទីរពេទ្យវៀតណាមកំពង់ធំ(515) លុះទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ខ្ញុំថា៖ ស្លាប់ទៅហើយ ខ្ញុំបាទក៏ឌុបសពបងត្រឡប់មកផ្ទះវិញ។

ក្រោយទទួលព័ត៌មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល និងកម្លាំងជំនាញស្រុក និងក្រុមគ្រួសារសពបានចូលរួមពិនិត្យសព និងសន្និដ្ឋានថា៖ ការស្លាប់របស់ជនរងគ្រោះនេះពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីឆ្លងចរន្ត ទើបឆក់ខ្លួនឯងស្លាប់តែម្តង។ បន្ទាប់ពីពិនិត្យចប់សព្វគ្រប់រួចហើយ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖