ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូ៣នាក់ មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តឈប់ដាក់ភ្ញៀវ ពីក្រោយ រងរបួសធ្ងន់ ស្រាល ៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូខ្វះប្រុងប្រយត្ន័ ជ្រុលចង្កូតទៅបុក និងរថយន្តមួយគ្រឿង ដែលឈប់ដាក់ភ្ញៀវពីក្រោយពេញទំហឹងនេះកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៤ និង១៣៥ ស្ថិតនៅភូមិ ព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ប្រុសស្រីដែលរងរបួសមានឈ្មោះ សួន ជ័រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកការស៊ីណូ រស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ អ្នករួមដំណើរ២នាក់ទៀតមានឈ្មោះ ស៊ិន សុធូន ភេទប្រុស អាយុ១៧ឆ្នាំ បុគ្គលិកកាស៊ីណូ រស់នៅភូមិចន្រ្ទា ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង និង ឈ្មោះ ឈឹម ភារុន ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើការកាស៊ីណូ រស់នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១G-០១៧៥ ជិះគ្នា៣នាក់ ក្នុងទិសដៅពីកើតទៅលិចខ្វះការប្រុងប្រយត្ន័ ស្រាប់តែជ្រុលចង្កូតទៅបុកប៉ះរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ៣C-១៦៤០ ពីចំហៀងខាងឆ្វេង ដែលកំពុងឈប់ដាក់ភ្ញៀវចុះពីលើរថយន្ត ក្នុងទិសដៅស្របគ្នា ពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសធ្ងន់ស្រាល ត្រូវសមត្ថកិច្ចដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែង និងអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត ៕ យឹម សុថាន


ចែករំលែក៖