ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃតាំងខ្លួនជាពេទ្យចាប់សរសៃនិងព្យាបាលជំងឺបង្កឲ្យមនុស្សម្នាក់ស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលតែងតែមានជំងឺឈឺចង្កេះ និងឈឺសរសៃ បាន ស្លាប់កាលពីថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច​ជំនាញរួម​នឹងក្រុមគ្រូ ពេទ្យវាយតម្លៃថា ស្លាប់ដោយ​សារដាច់ សរសៃ ឈាមខួរក្បាល។ បន្ទាប់​ពីបានមក រកព្រះសង្ឃឲ្យចាប់សរសៃសសូង និងជួយព្យាបាលជំងឺឲ្យដោយមិនគិតប្រាក់ រយៈពេលប៉ុន្មានថ្ងៃជាបន្តបន្ទាប់។

តាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា បុរសដែលស្លាប់នេះ មានឈ្មោះ មៀច រ៉ិ អាយុ៥៩ឆ្នាំ រស់នៅ ភូមិព្រៃកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដោយគាត់មានជំងឺ ឧស្សាហ៍ឈឺចង្កេះ និងឈឺតាមសរសៃក្នុង ខ្លួនផងដែរ។

ក្រុមគ្រួសារបានបន្តថា នៅមុននេះ ប្រមាណជា៤ថ្ងៃ ជនរងគ្រោះបានមករក ព្រះសង្ឃព្រះនាម ចាបស្រី សារី ជន្មានុជន្ម ៣៤វស្សា គង់នៅវត្តចែងក្តារ ក្នុងភូមិចែង ក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ ដំបង ដែលបានតាំងព្រះកាយថាអាចចេះព្យាបាលជំងឺផ្សេងៗបាន ដើម្បីឲ្យជួយចាប់ សរសៃចង្កេះឲ្យ។

លុះនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩ ជនរងគ្រោះក៏បានធ្វើដំណើរមក រកព្រះសង្ឃម្តងទៀត ដើម្បីឲ្យជួយព្យា បាលការឈឺចង្កេះ ដោយមានប្រើថ្នាំឫសឈើដើម្បីដាំផឹកផងដែរ។

ប្រភពដដែលបានបន្ថែមថា លុះនៅ ម៉ោង១២ថ្ងៃត្រង់ ឈ្មោះ មៀច រ៉ិ និយាយ ថា មានអាការវិលមុខ និងថប់ដង្ហើម ទើប ព្រះសង្ឃអង្គនោះជួយរឺតទ្រូង និងធ្វើចលនា ឲ្យ។ ប៉ុន្តែបានតែបន្តិចក្រោយមក ឈ្មោះ មៀច រ៉ិ ក៏ដាច់ខ្យល់ស្លាប់ នៅក្នុងទីអារាម​នោះ​តែម្តង ទើបភ្ញាក់ផ្អើល រហូតមានការចុះពិនិត្យពីសំណាក់សមត្ថកិច្ច​ជំនាញ និង​ក្រុមគ្រូពេទ្យផងដែរ។

តាមការពិនិត្យ និងសន្និដ្ឋានបឋមរបស់គ្រូពេទ្យខេត្តបាត់ដំបងបានបញ្ជាក់ថា មូលហេតុគឺស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែដោយក្រុមគ្រួសារសពមិនអស់ចិត្ត ក៏សម្រេចចិត្តយកសពទៅពិនិត្យបន្តនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងម្តងទៀត។ ដោយឡែកចំពោះព្រះសង្ឃ គឺ​លោក​ ស្នងការរង ជេត វណ្ណនី បានមាន​ប្រសាសន៍ថា លោកមិនទាន់មានការចោទ​ប្រកាន់ ឬឃាត់ខ្លួននោះឡើយ ព្រោះមិន​មែន​ជាករណីឃាតកម្ម ឬក៏ជាការព្យាបាល​ស្លាប់​ដូចគ្រូពេទ្យជំនាញ ដូច្នេះរឿងនេះស្ថិតនៅក្នុងកម្រិតមួយដើម្បីពិចារណាសិន៕ នរិន្ទ្រ


ចែករំលែក៖