ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ទៅកាន់កូរ៉េខាងជើង មុនជំនួបជាមួយលោកត្រាំ តែមួយសប្តាហ៍ប៉ុណ្ណោះ។ ប្រធានាធិបតីចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការរំសាយអាវុធបរមាណូ និងដំណោះស្រាយនយោបាយ នៅក្នុងប្រទេសនេះ ។
ប្រធានាធិបតីចិន បានលើកឡើងថា កូរ៉េខាងជើង ចាំបាច់ត្រូវតែបង្កើនកិច្ចពិភាក្សជាន់ខ្ពស់ ទាំងក្នុងតំបន់ និងថ្នាក់ពិភពលោក ។ បច្ចុប្បន្ន ស្ថានភាពនៅលើពិភពលោក ពិតជាស្មុគស្មាញ គ្រោះថ្នាក់ ។ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង គឺជារឿងល្អបំផុតសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូល ។
ប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ជាក់ថា រាល់បញ្ហាទាំងអស់របស់កូរ៉េខាងជើង គឺត្រូវតែដោះស្រាយ ទាំងសន្តិសុខ និងការអភិវឌ្ឍ ។ នៅក្នុងជំនួបនាទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២០ ខែមិថុនា ប្រធានាធិបតីចិន បញ្ជាក់ថា ចិនគឺជាផ្នែកមួយ ក្នុងការសោះស្រាយ បញ្ហានៅឧបទ្វីប។
ប្រធានាធិបតីចិនសង្ឃឹមថា បញ្ហាបរមាណូត្រូវបានដោះស្រាយតាមរយកិច្ចពិភាក្សាហើយទីក្រុងព្យុងយ៉ាង ចង់ដើរតួនាទីសំខាន់ នៅក្នុងបញ្ហាទាំងនោះ។
នៅក្នុងឆ្នាំនេះ ទាំងចិន និងកូរ៉េខាងជើង គឺមានបញ្ហាមួយចំនួនជាមួយអាមេរិកដែលត្រូវដោះស្រាយ ក្នុងនោះ ចិនមានវិវាទពាណិជ្ជកម្ម ជាមួយអាមេរិក ចំណែកកូរ៉េខាងជើង ស្ថិតនៅជាប់គាំស្តីពីកម្មវិធីបរមាណូ ។ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិនទៅកាន់កូរ៉េខាងជើង មុនពេលជួបជាមួយ លោកត្រាំ នៅជប៉ុន គឺជាសារសំខាន់បំផុតផ្ញើទៅកាន់អាមេរិកថា ចិននិងកូរ៉េខាងជើង មានទំនាក់ទំនងប្រពៃណី តាំងពីយូរណាស់មកហើយ មិនអាចបោះបង់គ្នាបានឡើយ ។
ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន វិញបានបញ្ជាក់ថា កូរ៉េខាងជើង បានអនុវត្ត នូវជំហានវិជ្ជមានជាច្រើន ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ។ ប៉ុន្តែសកម្មភាពទាំងនោះ បែរជាមិនទទួលបាន ប្រតិកម្មល្អ ពីភាគីពាក់ព័ន្ធ ក្នុងនោះមានអាមេរិកជាដើម ៕