ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីពីរនាក់បានធ្វើដំណើរដោយរថយន្តមួយគ្រឿង ហើយបត់ត្រឡប់ក្រោយបណ្ដាលឲ្យបោកគូទរថយន្តទៅប៉ះម៉ូតូហុងដាឌ្រីមមួយគ្រឿង ដួលរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ព្រមទាំងរួចចុះពីរថយន្តរកវាយគេឯងទៀត ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៣ និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម កែង និងផ្លូវម៉ៅសេទុង ចំណុចស្តុបជល់ផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនប្រុសពីរនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 AU-2226 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងសន្ថានភាពស្រវឹងស្រាជោគ ខណៈមកដល់ចំណុចកើតហេតុខាងលើបត់ឆ្វេងត្រឡប់ក្រោយវិញ បណ្ដាលឲ្យគូទរថយន្តបោកទៅប៉ះ និងម៉ូតូហុងដាឌ្រីម០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1T -0616 ជិះដោយយុវជនបីនាក់តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យដួលផ្ទុប និងថ្នល់រងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ។ ភ្លាមៗនោះ ក៏មានរថយន្តគ្លីនិចឯកជនមកដឹកជនរងគ្រោះទៅសង្គ្រោះជីវិតផងដែរ ហើយក្នុងហេតុការណ៍នោះ ជនជាតិចិនបានចុះពីរថយន្តមកវាយគេឯងថែមទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ