ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ជិះម៉ូតូឌុបគ្នា មកបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាចេញពីក្លឹបហ្លូឡាញ មកបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៣ និង៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយគ្រានោះក៏មានជនឆ្លៀតឱកាសមកលួចយកម៉ូតូរបស់ជនរងគ្រោះបានសម្រេចថែមទៀត ។​

សពជនរងគ្រោះមានឈ្មោះ ផា ចាន់ភឿក ភេទប្រុស អាយុ២១ឆ្នាំ មុខរបបជាងឡាន ស្នាក់នៅម្ដុំស្ទុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិត្រកៀត ឃុំចំប៊ុី ស្រុកបាទី ខេត្តតាកែវ ។ រីឯជនរងគ្រោះ២នាក់ទៀតដែលរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ​1HR-3577 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈឡើងមកលើស្ពានត្រង់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង ស្រាប់តែជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យអ្នកឌុបបោកក្បាល និងថ្នល់ហូរឈាមស្រោចខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នកជិះពីក្រោយ២នាក់ទៀតរងរបួសធ្ងន់ ។​

ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា គ្រាដែលជនរងគ្រោះទាំង៣នាក់កំពុងដេកដួលស្លាប់នៅនឹងកន្លែង ស្រាប់តែលេចមុខជនឆ្លៀតឱកាសមកលួចយកម៉ូតូរបស់ពួកគេទៅបាត់ថែមទៀត បន្ទាប់មកទើបមានរថយន្តសង្គ្រោះបន្ទាន់ចេញមកដល់ដឹកជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ដើម្បីជួយសង្គ្រោះ​ ។​

ក្រោយកើតហេតុ ក៏មានមិត្តភក្តិរបស់ជនរងគ្រោះមកដល់ ហើយប្រាប់ថា ពួកគេទើបតែបែកគ្នាចេញពីក្លឹបប្លូឡាញ ហើយស្រាប់តែជួបគ្រោះអកុសលបែបនេះ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូជនរងគ្រោះ​សមត្ថកិច្ចនិងស្រាវជ្រាវតាមចាប់ជនឆ្លៀតឱកាស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖