ភ្នំពេញ៖ រថយន្តសណ្តោងដឹកដែកមួយគ្រឿង បើកលឿនជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុកនឹងរថយន្តតូយូតា ព្រូស ដែលកំពុងធ្វើដំណើរតាមស្របគ្នា ចំពីក្រោយ រុញកាត់ទទឹងផ្លូវ បណ្តាលឲ្យ រងការខូចខាត តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ជិតផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ម៉ាក់តូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW 5493 ជិះគ្នា៤នាក់ ទាំងអ្នកបើកបរ បានបើកធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានបុរសម្នាក់ បានបើករថយន្តសណ្តោងដឹកដែក ម៉ាក់ ហ៊ីយ៉ានដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 5799 ធ្វើដំណើរក្នុងទិសដៅ ស្របគ្នាហើយល្បឿនលឿន ជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុក នឹងរថយន្តតូយូតាព្រូស ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្ត រេចង្កូតកាត់ទទឹងផ្លូវ គាប់ជាប់នឹងរថយន្តដឹកដែក រងការខូចខាត ក្រពិតមួយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្ស ដែលជិះនៅក្នុងរថយន្តនោះទេ ។ ដោយឡែក ខាងរថយន្តបង្ក រងការខូចខាត ខ្ទេចផ្នែកខាងមុខបន្តិចបន្តួច ហើយភ្លាមនោះដែរ អ្នកបើកបរ បានចុះពីលើរថយន្ត រត់គេចទាំងអត់ស្បែកជើង ប្រហែល១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋដេញឃាត់បានមកវិញ ហើយប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កចេញថ្លៃជួសជុលទៅភាគីរថយន្តរងគ្រោះដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ