ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ចាប់ខ្លួន ដោយអនុវត្តន៍តាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោ១០និង៣០នាទី នៅចំណុចភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ធឿន ប៊ុនហាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករោងចក្រ មានទីលំនៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនត្រូវចោទខាងលើនេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ដីកា លេខ៥៦៣ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្តាល ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ ដែលប្រព្រឹត្តនៅភូមិត្រាញ់ ឃុំរកាស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា ក្រោយពីជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចពីស្រុកកំណើតរបស់ខ្លួន ដោយពុំដឹងថាទៅរស់នៅឯស្រុកណាទេ ទើបចៅក្រមសម្រេចចេញដីកា បង្គាប់ឲ្យសមត្ថកិច្ចមូលដ្ឋានស្រាវជ្រាវចាប់ខ្លួន ។ រហូតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានទទួលព័ត៌មានថា ជនសង្ស័យខាងលើរស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល ភ្លាមនោះកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងជំនាញស្រុកអង្គស្នួល ចាប់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ