ក្រោយពេលយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក របស់អាមេរិក ត្រូវអ៊ីរ៉ង់បាញ់ទម្លាក់ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិក ។ នៅពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានសម្រេចផ្អាកការហោះហើរ ឆ្លងកាត់ទឹកដីអ៊ីរ៉ង់ ។
ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានប្រកាសផ្អាកដំណើរការហោះហើររបស់ខ្លួន ទាំងទៅ និងត្រឡប់មក រវាងទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក និងទីក្រុង Mumbai ប្រទេសឥណ្ឌា ។ ការផ្អាកនេះ ក្រោយពីគេបានត្រួតពិនិត្យបញ្ហាសុវត្ថិភាពនៅក្នុងការហោះហើរ ទាក់ទងព្រឹត្តិការណ៍ថ្មីៗនេះ ដែលអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ។
សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានដកស្រង់ប្រភពព័ត៌មានពីគេហទំព័រក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិកផ្សាយថា ពាក់ព័ន្ធព្រឹត្តិការណ៍ថ្មីៗនេះជាមួយអ៊ីរ៉ង់ យើងបានត្រួតពិនិត្យមើលបញ្ហាសុវត្ថិភាពនៅផ្លូវអាកាសឥណ្ឌា និងផ្លូវអាកាសឆ្លងកាត់ប្រទេសអ៊ីរ៉ង់ ហើយយើងក៏សម្រេចចិត្តផ្អាកដំណើរការជាបណ្តោះអាសន្ន នូវជើងហោះហើររវាងទីក្រុងខាងលើនេះ ។
កាលពីខែមុន រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឲ្យប្រុងប្រយ័ត្ន នៅពេលដែលមានការហោះហើរពីលើប្រទេសអ៊ីរ៉ង់ និងនៅជិតតំបន់ឈូងសមុទ្រពែរ្ស និងសមុទ្រ អូម៉ង់ ដោយសារថា ស្ថានការណ៍យោធាកំពុងតានតឹង និងការប្រឈមមុខបញ្ហានយោបាយ ។
FAA បានបញ្ជាក់ទៀតថា ប៉ុន្តែទោះបីយ៉ាងណា វាហាក់ដូចជាអ៊ីរ៉ង់គ្មានបំណង គោលដៅទៅលើយន្តហោះស៊ីវិលនោះទេ ។ វត្តមានយ៉ាងច្រើនអាវុធមីស៊ីលរយៈចម្ងាយឆ្ងាយ, អាវុធដែលអាចកម្ទេចនាវាផ្ទុកយន្តហោះ ក្នុងអំឡុងពេលដែលបរិយាកាសកំពុងតានតឹងនេះ អាចជាហានិភ័យខ្ពស់នៅក្នុងការយល់ខុស និងការគិតខុស ជាពិសេសអំឡុងពេលកំពុងប្រឈមមុខតានតឹងក្នុងបញ្ហានយោបាយ និងវោហាសាស្ត្រនេះតែម្តង ។
ឆ្មាំបដិវត្តន៍អិស្លាមអ៊ីរ៉ង់ (IRGC)កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើកមួយគ្រឿងរបស់អាមេរិក ដែលអ៊ីរ៉ង់អះអាងថា រំលោភចូលដែនអធិបតេយ្យរបស់ខ្លួន ចូលក្នុងដែនអាកាសអ៊ីរ៉ង់ ជាពិសេសនៅតំបន់ឈូងសមុទ្រ ខេត្ត Hormozgan ឈមមុខជាមួយច្រកសមុទ្រពែរ្ស ។ នៅទីនោះជាចំណុចប្រឈមមុខខ្លាំងក្លា និងកាន់តែអាក្រក់ខ្លាំងឡើង ដោយសារតែបញ្ហាតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ។
ក្រោយការបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិកពីសំណាក់អ៊ីរ៉ង់ លោកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា អ៊ីរ៉ង់គឺជាអ្នកដែលបានធ្វើនូវកំហុសមួយដ៏មហាសែនធ្ងន់ ផងដែរ ៕