ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ ឃាត់ខ្លួនមុខ​សញ្ញា​ចោរលួច ឆក់ ប្លន់​ដ៏​សកម្ម​ម្នាក់​ ដែល​នៅ​សេសសល់

ចែករំលែក៖

ភ្នំពេញ ​៖ ជនសង្ស័យម្នាក់ ដែលជា​មុខ​សញ្ញា​ចោរលួច ឆក់ ប្លន់​ដ៏​សកម្ម​ម្នាក់​ ដែល​នៅ​សេសសល់​ពី​ការ​ចាប់​បង្ក្រាប​នាពេលកន្លងមក ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ ​ស្រាវជ្រាវ​រហូតឈានដល់ការឃាត់​ខ្លួន ​បន្ទាប់ពី​រូប​គេបាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​អង្គុយ​នៅ​មាត់ទន្លេ​ភ្លេចខ្លួន​ ហើយ​ព្យាយាម​គេចខ្លួន​មិនបាន​ប៉ុន្មាន​ម៉ោងផង ។

ករណីឃាត់ខ្លួនជន​សង្ស័យនេះ បានធ្វើឡើងកាលពីវេលា​ម៉ោង​២​និង​១៥​នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ​២០​ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រោយ​ប្រព្រឹត្តិបទល្មើស​លួច​​ទូរស័ព្ទ​ដៃ​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​និង​៣០​នាទី ចំណុច​លើ​បង់​សួនច្បារ​មាត់ទន្លេ​ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​ទី​២​សង្កាត់​ផ្សារកណ្ដាល​ទី​១ ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ចេ​ន រតនា​ហៅ វិ​ន ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ វ៉ន សំ​និ​ត ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​ជាង​កាត់ដេរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥៥​ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

យោងតាមមន្រ្តីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ បានឲ្យដឹងថា ​កាលពីថ្ងៃទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០៨​និង​៣០​នាទីព្រឹក ជនរងគ្រោះ​ និង​ប្តី​ បាន​នាំគ្នា​មក​អង្គុយលេង​នៅ​លើ​បង់​ម្តុំ សួនច្បារ​មាត់ទន្លេ​ហើយ​បាន​យក​ទូរស័ព្ទ​ដៃ​ដាក់​នៅ​លើ​បង់​ក្បែរ​ខ្លួន មួយសន្ទុះ​ក្រោយមក ​ស្រាប់​តែ​មាន​ជនសង្ស័យខាងលើ បានមកធ្វើសកម្មភាប​លួច​យក​ទូរស័ព្ទ​ដៃ​ពីក្រោយទៅបាត់ ហើយ​ជនរងគ្រោះ ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១​តែម្ដង​ ។

បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ក៏បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២និង​១៥​នាទីរសៀល​ ទើបឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចេ​ន រតនា​ ហៅ​អា​វិ​ន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ​នៅ​ចំណុច សួនច្បារ​មាត់ទន្លេ​ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​ផ្លូវ​លេខ​១៤៨​ ភូមិ​៥​ សង្កាត់ ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌ​ដូនពេញ​ យក​មក​ធ្វើការ​សាកសួរ​តែម្ដង ​។​ សម្ភារៈ​បាត់បង់ មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន៧​ផ្លើស​ ពណ៌​ខ្មៅ​។​

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា​ ជន​សង្ស័យ​ជា​មុខសញ្ញា​សេសសល់ ​ក្នុង​ករណី លួច​(​ម៉ូតូ​) កាលពី​ថ្ងៃ​ទី​២៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០១​និង​៣០​នាទី ត្រង់​ចំណុច​មាត់ទន្លេ​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ហើយ​ជា​មុខសញ្ញា​លួច​ ឆក់ ​យ៉ាងសកម្ម​ទៅ​លើ​ប្រជាពលរដ្ឋ​ និង​ជនជាតិ​បរទេស ​ដែល​ដើរលេង​កម្សាន្ត​នៅ​តាម​មាត់ទន្លេផងដែរ ។ ជនសង្ស័យ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន​ដោយ​ឆ្លងតាម​ការពិនិត្យ​ទឹកនោម​ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ​ ដើម្បីកសាង​សំណុំរឿង​តាម​នីតិ​វិធី ៕ ស រស្មី


ចែករំលែក៖