ព័ត៌មានទាន់ហេតុការណ៍៖

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បាន​យកទារកអាយុប្រហែល៨ខែ មកផ្ញើអ្នកលក់​ប្រដាប់ប្រដា​ក្មេងរួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖ ​បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បាន​យកទារកអាយុប្រហែល៨ខែ មកផ្ញើអ្នកលក់​ប្រដាប់ប្រដា​ក្មេងលេង ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង រួចប្រាប់ថាទៅនោះមួយភ្លេត បន្តិចទៀតមកយកកូនវិញស្រាប់តែទៅបាត់មិនឃើញត្រលប់មកវិញ ដោយ​ព្រួយបារម្ភ​អំពីសុវត្ថិភាពទារកតូចនោះ អ្នកលក់​ប្រដាប់ក្មេងលេងបានផ្ដល់ដំណឹងទៅវិទ្យុABC ចុះមកទទួលយកទៅស្នាក់នៅបណ្ដោះអាសន្នសិន និងដើម្បីជួយផ្សាយប្រកាសរកឪពុកម្ដាយ​ ឬអ្នកណាដែលស្គាល់​ទារកនេះ អាចមកយកទទួលយកទៅផ្ទះវិញ​បាន​ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០:៣០នាទីយប់​ ថ្ងៃសុក្រ​ ទី២១ ខែមិថុនា​​ ឆ្នាំ២០១៩ នៅចំណុចមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ សាខាវត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ប្រភពពីបុរសម្នាក់ដែលជាអ្នកលក់​ប្រដាប់​ប្រដាក្មេងលេងបានអោយដឹងថា​ នៅមុនពេលកើតហេតុ​ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង​ គាត់បាន​ជ្រកភ្លៀង​ នៅចំណុចមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ លុះក្រោយមកម៉ោងជាង៥ល្ងាច​ថ្ងៃកើតហេតុ​ ស្រាប់តែ​មានបុរសម្នាក់​បីទារកអាយុប្រហែល៨ ខែនោះ​ មកផ្ញើនៅគាត់ រួចប្រាប់គាត់ថាទៅនោះមួយភ្លេត ហើយឲ្យគាត់ជួយមើលថែរបន្តិចទៀតបានត្រលប់មកយកកូនវិញស្រាប់ តែទៅបាត់​រហូតមកដល់ម៉ោងជាង១០យប់ហើយ​ មិនទាន់ឃើញត្រលប់មកវិញ ដោយ​សារតែព្រួយបារម្ភ​អំពីសុវត្ថិភាពទារកតូចនោះ ទើបគាត់ទូរស័ព្ទផ្ដល់ដំណឹងទៅវិទ្យុABC ផ្សាយសំលេងផ្ទាល់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចោមរោម​ពេញម្ដុំមន្ទីរពេទ្យ​គន្ធបុប្ផា​ ។

ក្រោយមកក្រុមការងារវិទ្យុABC បានយករថយន្ត​អន្តរាគមន៍​វិទ្យុABC ដែលជាអំណោយ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃកម្ពុជា ផ្ដល់ឲ្យ​វិទ្យុABC​ សម្រាប់ជួយធ្វើការងារមនុស្សធម៍ក្នុងសង្គម ចុះមកទទួលយកក្មេង​ពីបុរសដែលជាអ្នកលក់​ប្រដាប់ប្រដា​ក្មេងលេង រួចនាំយកទៅស្នាក់នៅបណ្ដោះអាសន្ននៅស្ថានីយ៍វិទ្យុABC ដើម្បីជួយថែទាំ និងជួយផ្សាយប្រកាសរកឪពុកម្ដាយ​ ឬអ្នកណាដែលស្គាល់​ទារកដែលមានភិនភាគដូចក្នុងរូបនេះ អាចមកយកទទួលយកទៅផ្ទះវិញ​បាន​ ៕ ជ្រោយពេជ្រ


ចែករំលែក៖