ខេត្តពោធិ៍សាត់៖ កុមារា កុមារី ២នាក់បងប្អូនបង្កើត លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលជីដូនរបស់ពូកគេដេកលង់លក់មួយស្របក់ ខណៈឪពុកម្ដាយចំណាកស្រុកទៅធ្វើការរកទទួលទាន នៅខេត្តព្រះសីហនុ ដោយផ្ញើកូនៗនឹងជីដូន ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកស្ទឹងក្បែរផ្ទះ ស្ថិតក្នុងភូមិ.ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកបាកានឃើញថា កុមារារងគ្រោះ (ស្លាប់) ជាបងឈ្មោះ ម៉ុន សុខណា អាយុ៦ឆ្នាំ ជនជាតិខ្មែរ និងកុមារី ជាប្អូនឈ្មោះ ម៉ុន ស្រីនិត អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ នាក់ សឿន អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ កែម យឿន អាយុ ៣៤៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
របាយការណ៍ដដែលបន្តទៀតថា ដោយគ្រួសារនេះទីទាល់ក្រពេក ក៏ចំណាកស្រុក ទៅធ្វើការរកទទួលទាននៅខេត្តព្រះសីហនុ ដោយផ្ញើទុកកូនៗជាមួយជីដូនមើលថែ ប៉ុន្តែជាអកុសល ក៏ជួបគ្រោះដ៏កំណាចបែបនេះ កុមារា.កុមារីរងគ្រោះគេឃើញនាំគ្នាចាប់ត្រីក្បែរទូកឈើ ១ក្បែរនោះ នៅគ្រាដែលជីដូនរបស់ពូកគេដេកលង់លក់មួយស្របក់ ហើយទំនងអាចចុះទៅងូតទឹកក្បែរនោះដែរ ប៉ុន្តែចុះចំកន្លែងគេជីកជ្រៅ ក៏លង់ស្លាប់យ៉ាងរន្ធត់បែបនេះ ៕ បុឹម ពិន