ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករ ប្រុស ស្រី ល្បីឈ្មោះ៤គូ ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងសរសើរថា ពិតជាសាកសមជាគូស្នេហ៍នឹងគ្នា បើទោះបីជាពួកគេនៅមិនទាន់មានដំណឹងល្អដល់ការភ្ជាប់ពាក្យ ឬចូលរោងការជាផ្លូវការក៏ដោយ ។ ពួកគេនៅតែស្ថិតក្រោមក្រសែភ្នែកនៃការតាមដានរបស់ទស្សនិកជនជាប់មិនដាច់ ។
១. ឌី សូនីតា និង ចន អាឡិចហ្សូរ៉ាពាក្យចំណងទាក់ទងស្និទ្ធស្នាល ដែលយុវវ័យតែហៅថា Sis និង Bro បានកើតចេញពីតារា ប្រុស ស្រី ទាំងពីដែលភ្ជាប់ទំនាក់ទំនងគ្នាផ្តើមពីមិត្តភ័ក្កិរហូតជិតដិតគ្នាខ្លាំង ។ ទោះមិនដែលនិយាយចំៗអំពីចំណងស្នេហ៍ដោយចំៗ ប៉ុន្តែតាមរយៈសកម្មភាព កាយវិកាបានបង្ហាញថា ចំណងទំនាក់ទំនងពួកគេលើសពីមិត្តភ័ក្តិ ។ ពួកគេនៅតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅពេលដែលពួកគេបានបញ្ចេញស្នាដៃសម្តែងខ្លី អំពីជីវិតរស់នៅប្រចាំថ្ងៃបង្កប់ដោយទស្សនៈកំប្លុកកំប្លែងរហូតធ្វើឲ្យទស្សនិកជនតាមដានជាច្រើន ហើយពួកគេក៏អាចទទួលបានការងារជាច្រើនបន្តបន្ទាប់រួមគ្នាផងដែរ ។
២. ដួង ម៉ានិច និងថៃ អតិជាតិបុត្រទើបនឹងផ្ទុះចេញចំណងស្នេហ៍ខុសវ័យមិនបានប៉ុន្មានថ្ងៃផង ទស្សនិកជន ពិសេសក្រុមយុវវ័យបានសាទរ និងសរសើរពីភាពសាកសមគ្នា បើទោះបីជាវ័យពួកគេខុសគ្នាច្រើនក្តី ។ កាយវិការ និងរូបភាពផ្អែមល្ហែមកាលពីថ្មីៗនេះបានធ្វើឲ្យទស្សនិកជនជំរុញលើកទឹកចិត្តឲ្យពួកគេបន្តស្នេហាខុសជំនាន់នេះបន្តដដែល ។ ដុតអារម្មណ៍អ្នកគាំទ្រ កាន់តែពុះកញ្ជ្រោលឲ្យស្នេហាខុសវ័យនេះ លេចរូបរាងកាន់តែច្បាស់ក្រោយពីភាសាលេបខាយបែបស្នេហាអមដោយរូបភាពស្និទ្ធស្នាលរវាងអ្នកទាំងពីត្រូវបានទម្លាយចេញ ។ យុវជនមួយចំនួនចង់ឲ្យស្នេហានេះ កាន់តែលេចរូបរាង និងក្លាយជាគំរូស្នេហាដែមានគម្លាតអាយុគ្នាច្រើនពិសេសភាគីខាងប្រុសមានវ័យតិចជាង ។
៣. ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំងល្បីល្បាញរឿងភ្ជាប់ស្នេហាអស់ជាច្រើនឆ្នាំ ក្តី ក៏ ទាំងស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង នៅតែមិនទាន់ទទួលស្គាល់ថាជាចំណងស្នេហ៍ច្បាស់លាស់ឡើយ ។ ទោះជាយ៉ាងណាអ្នកក្នុងចង្កោមសិល្បៈបានលើកឡើងថា ពួកគេពិតជាស្រឡាញ់គ្នា ហើយដៃគូសម្តែង និងចូលរួមកម្មវិធីតូចធំ ពួកគេតែងរួមដំណើរជាមួយគ្នារហូតធ្វើឲ្យអ្នកគាំទ្រកោតសរសើរ និងលើកទឹកចិត្តឲ្យពួកគេបន្តរក្សាទំនាក់ទំនងស្នេហ៍ និងគ្នា រហូតដល់ពួកគេអាចកសាងក្រុមគ្រួសារមួយយច្បាស់លាស់ ។
៤.ពេជ្រ សូលីកា និងនីកូ ផ្តើមពីការច្រៀងរួមគ្នាក្នុងដំបូលផលិតកម្មM កាលពីជិត១០ឆ្នាំមុន ពេជ្រ សូលីកា និងនីកូ ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាដៃគូដែលសាកសមគ្នាខ្លាំង ស្របពេលដែលការសម្តែងមានការស៊ីសង្វាក់គ្នាខ្លាំង ។ ដំណឹងចុងក្រោយគេទម្លាយថា ពេជ្រ សូលីកា ក៏ទទួលបានឱកាសច្រៀងជាថ្មីនៅលើផលិតកម្មហង្សមាសដែលគេដឹងថាមានការជួយជ្រោមជ្រែងពី នីកូ ហើយគេដឹងដែរថា ការសម្តែង និងច្រៀងរួមគ្នានឹងធ្វើឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រពេញចិត្តជាថ្មី ។ ដៃគូសម្តែងនេះក៏ទទួលបានការជំរុញលើកទឹកចិត្តពីអ្នកគាំទ្រឲ្យលេចចេញជាស្នេហាពេញលេញ ដែលមិនត្រឹមតែជាការសម្តែងនៅក្នុងបទចម្រៀង ឬលើឆាកតន្ត្រីនោះទេ៕ វឌ្ឍនា