ភ្នំពេញ៖ ម្ចាស់ផ្ទះជួលសុខចិត្តចេញសំណង១០ម៉ឺនដុល្លារ ដើម្បីបញ្ចប់កុងត្រាមុនពេលកំណត់ជាមួយអ្នកជួលផ្ទះ ហើយក៏មានការឯកភាពព្រមព្រៀងគ្នាទាំងអស់ ប៉ុន្តែដល់ពេលរើអីវ៉ាន់សម្ភារមួយចំនួន បែរជាបង្កឲ្យមានការខូចខាតរបស់របរអស់ជាច្រើន ធ្វើឲ្យម្ចាស់ផ្ទះទប់ចិត្តមិនបាន ទើបមានជម្លោះរហូតដល់ឃាត់មិនឲ្យរើអីវ៉ាន់បន្តទៀត បន្ទាប់មកក៏មានសម្របសម្រួលពីអាជ្ញាធរខណ្ឌចំការមន និងប៉េអឹមក្រុងផងដែរ ។
ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៣ ផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន ។
លោក ឌី សុផលប្រធានការិយាល័យ អន្តរវិស័យខណ្ឌចំការមនបានឲ្យដឹងថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានទំនាស់ម្ចាស់ និងអ្នកជួលផ្ទះដោយប្រកែកមិនឲ្យរុះរើសឥវ៉ាន់ចេញដោយសារពេលរើសផ្ទះតាមកិច្ចសន្យាជួលភាគី (ក) លោក ស្រៀង ទីតូ (១) ។ ភាគី (ខ) លោកស្រី រស់ ដារ៉ា កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ០១០៣៧៥៥៤៦ (១)តែរុះរើសធ្វើខូចខាតសម្ភារក្នុងផ្ទះបង្អួចកញ្ចក់បែក និងទ្វារឈើ និងខូចខាតទ្រព្យសម្បត្តិផ្សេងទៀត ។
លោកបន្តថា ក្រោយមកក៏បានផ្អាកការរុះរើសរង់ចាំនៅរសៀលថ្ងៃនេះនឹងបង្កើតគណ:កម្មការមានអភិបាលរង និងមន្រ្តីជំនាញសាលាខណ្ឌសម្របសម្រួលម្ដងទៀតរកដំណោះស្រាយណាមួយឲ្យភាគីទាំងសងខាងដើម្បីបញ្ចប់រឿងហើយអាជ្ញាធរមិនចង់ឲ្យភាគីខាងណាឈ្នះឬក៏ចាញ់នោះទេ គឺចង់ឲ្យស្មើគ្នាដោយសារសុទ្ធតែប្រជាពលរដ្ឋខ្មែរដូចគ្នា ។
ជាមួយគ្នានោះដែរយើងឃើញមានការអន្តរាគមន៍ពីមន្ត្រីប៉េអឹមខណ្ឌចំការមន និងប៉េអឹមរាជធានីភ្នំពេញដែលបានចុះមកទីថាំងទំនាស់នោះផងដែរ ទោះយ៉ាងណាភាគីម្ចាស់ផ្ទះ និងអ្នកជួលមិនទាន់ឯកភាពគ្នាដែរ ។
គួរបញ្ជាក់ថា ភាគីម្ចាស់ផ្ទះលោកសៀង ទីតូ បានយល់ព្រមសងសំណងទឹកប្រាក់រួមចំនួន 10 ម៉ឺនដុល្លារដើម្បីបញ្ចប់កុងត្រាមុនពេលកំណត់ និងការចំណាយទិញ ឬសម្ភារដែលសាងសង់ក្នុងផ្ទះហើយភាគីអ្នកជួលឈ្មោះលោកស្រី រស់ ដារ៉ា ក៏បានយល់ព្រមតាមសំណើរបស់ម្ចាស់ផ្ទះ ប៉ុន្តែអ្វីដែលបង្កជាជម្លោះនេះ គឺដោយសារភាគីអ្នកជួលផ្ទះពេលមកអីវ៉ាន់បែរជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់លោក សៀង ទីតូ ម្ចាស់ដី និងផ្ទះថ្មីទៅវិញ ៕ សរស្មី